លោក អ៊ឹម ឈុនលឹម ជាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯលោក កែវ ពុទ្ធរស្មី ក្លាយជាសមាជិកថ្មី
- 2019-06-21 04:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក អ៊ឹម ឈុនលឹម ជាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯលោក កែវ ពុទ្ធរស្មី ក្លាយជាសមាជិកថ្មី
ចន្លោះមិនឃើញ
ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំលើកទី៨ (២០១៩-២០២២) នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ ក្រៅពីការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏មានការប្រកាសសមាជិកថ្មីចំនួន ០៣រូប ផងដែរ គឺលោក កែវ ពុទ្ធរស្មី លោក ហ៊ី សោភា និងលោកស្រី លី វួចឡេង។
១. សម្តេចមហិស្សរា នរោត្តម ចក្រពង្ស់
២. សម្តេចព្រះរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី
៣. លោក អ៉ឹម សួស្តី
៤. លោក កែវ ពុទ្ធរស្មី
៥. លោក ហ៊ី សោភា
៦. លោក អ៊ុត ឈន
៧. លោក សំ ព្រហ្មនា
៨. លោកស្រី លី វួចឡេង
លោក អ៊ឹម ឈុនលឹម បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិក្រុមប្រឹក្សាធម្មនុញ្ញ បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងបានរួមចំណែកជាមួយស្ថាប័នកំពូលរបស់ជាតិ ក្នុងការធានានូវសន្តិភាព ស្ថិរភាព សង្គម ជាពិសេសការពង្រឹងគោលការណ៍ សន្តិសុខ ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលមតិថ្វាយព្រះមហាក្សត្រ ចំពោះសេចក្តីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោះស្រាយបណ្ដឹងទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៧៨បណ្ដឹង ដែលជាបណ្ដឹងច្រើនមិនធ្លាប់មានក្នុងអាណត្តិកន្លងមក ។
សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨។
សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១ រូប និងសមាជិកចំនួន ៨រូប ។ ប្រធានត្រូវបានជ្រើសតាំងតាមការ បោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាត រៀងរាល់បីឆ្នាំម្តង ក្រោយពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។ ប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើ នឹងប្រធានរដ្ឋសភា។ សមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ ៩ ឆ្នាំ ប៉ុន្ដែសមាជិកចំនួន ៣រូប ត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។ ក្នុងអាណត្ដិទី១ ត្រូវបានតែងតាំង ឬជ្រើសតាំងសមាជិក ៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង ៣រូប សម្រាប់ប្រាំបួនឆ្នាំ។ សមាជិក ៣រូបតែងតាំងដោយព្រះមហាក្សត្រផ្ទាល់ ៣រូប ជ្រើសតាំងដោយរដ្ឋសភា និង ៣រូបទៀត ជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកទាំងអស់ត្រូវបានតែងតាំង ឬ ជ្រើសតាំងពីចំណោមឥស្សរជន ដែលមានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍ការងារ យ៉ាងតិច ១៥ឆ្នាំ និង មានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅ ក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច៕