ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូត្រលប់មកវិញបន្ទាប់ពីបាត់ជាង២០ឆ្នាំ

  • 2019-06-23 07:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩ ក្រោម​ប្រធានបទ "​អភិរក្សស៊ីក្លូដើម្បីទេសចរណ៍" ដែលមានចម្ងាយ​ ១គីឡូម៉ែត្រ​​ បានប្រព្រឹត្តិនាព្រឹកថ្ងៃ ២៣មិថុនា ឆ្នាំ២០១៩ ស្ថិតនៅទីតាំង សួនច្បារ​ព្រះបារមី ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក្រោយពីបាត់តាំងពីឆ្នាំ១៩៩៥។

តាមការលើកឡើងរបស់អភិបាលរាជធានីភ្នពេញឯកឧត្ដម ឃួង​ ស្រេង​ បានបញ្ជាក់ថា ព្រឹត្រិការណ៍ប្រណាំងស៊ីក្លូឆ្នាំនេះជាប្រារព្ធជាលើកទី៣ហើយ ដោយលើកទី១ធ្វើឡើងនៅឆ្នាំ១៩៩៣ មានស៊ីក្លូចូលរួមចំនួន១០០គ្រឿង​ លើកទី២ឆ្នាំ១៩៩៥​ មានស៊ីក្លូចូលរួមចំនួន​៣០០​ ហើយនៅឆ្នាំ២០១៩នេះជាឆ្នាំវិញត្រលប់នៃព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេចរនេះជាលើកទី៣​មានស៊ីក្លូចូលរួម១៣៦គ្រឿងក្រោយបាត់រយះពេល​ ២៤ឆ្នាំកន្លងទៅ។​

ឯកឧត្ដមលើកឡើងបន្តថា ព្រឹត្តិការណ៍ជាព្រឹត្តិការណ៍មួយដែលជួយទាក់ទាញភ្ញៀវទេសចរមកទស្សនា​​ភ្នំពេញកាន់តែច្រើន​ តាមតួលេខភ្ញៀវទេចរកាលពីឆ្នាំ២០១៨​ភ្នំពេញទទួលបានភ្ញៀវទេចរចំនួន ៣លាននាក់​ ហើយឆ្នាំ២០២០ភ្នំពេញរំពឹងនឹងទទួលភ្ញៀវទេសចរបាន ៤.៥លាននាក់។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា​លោកជំទាវ ឆាយ​ ស៊ីវលីន​ បានលើកឡើងថា​ ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩​ មានស៊ីក្លូសរុប​​​ ១៣៦ ដែលប្រារព្ធឡើងដើម្បី​​លើកកម្ពស់ បណ្តុះស្មារតីគាំទ្រ អភិរក្សស៊ីក្លូនៅកម្ពុជា​​។ សម្រាប់ជ័យ​លាភីលេខ១ ទទួលបាន​ ៤០ម៉ឺនរៀល លេខ២ ទទួលបាន ៣២ម៉ឺនរៀល លេខ៣ ទទួលបាន ​២៤ម៉ឺនរៀល ចំណែកអ្នកចូលរួមដែលមិនទទួលបានជ័យលាភី ក៏ទទួលបានការ​ឧបត្ដម្ភ​ក្នុងម្នាក់នូវថវិកាចំនួន ១០ ម៉ឺន រៀល។

ក្នុងព្រឹត្តិការណ៍នេះដែររដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានគាំទ្រឲ្យមានព្រឹត្តិការណ៍នេះឲ្យមានបន្តបន្ទាប់ទៀត និងអំពាវនាវដល់ក្រុមហ៊ុន ភ្នាក់ងារ ក៏ដូចជាប្រត្តិបត្រករទេសចរណ៍ទាំងអស់ដាក់ចូលស៊ីក្លូក្នុងកញ្ចប់ទស្សកិច្ចទេសចរណ៍ទាំងអស់ដែលមាននៅកម្ពុជាផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;