ទំនាក់​ទំនង​រវាង​សម្តេច ហ៊ុន សែន និង​លោក លី ស៊ានឡុង ជួប​សុបិន្ត​អាក្រក់​មួយភ្លែត

  • 2019-06-24 01:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជម្លោះ​ទស្សនៈ​លើ​បញ្ហា​ប្រវត្តិសាស្រ្ត​នាពេល​ថ្មីៗ​នេះ​ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក លី ស៊ានឡុង នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ​យល់ឃើញ​ថា គឺជា​ការយល់​សប្តិ​អាក្រក់​មួយ​ភ្លែត ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដែលពី​ដើមមក​គឺមាន​ទំ​នាក់ទំនង​គ្នា​ល្អ​ ហើយ​ទំនាក់ទំនង​នេះ ក្រោយតែ​រយៈពេល​១ថ្ងៃទេ ក្រោយ​សិង្ហបុរី​ទទួល​បាន​ឯករាជ្យ ពោលគឺ​កម្ពុជា​បាន​ទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហបុរី ដូច្នេះ​ប្រទេស​ទាំង២​គួរតែ​បន្ត​ទំនាក់ទំនង​ល្អ​នឹងគ្នា​បន្ត​ទៀត។ នេះបើតាម​ការបញ្ជាក់​របស់​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៅ​ក្រោយ​ជំនួប​រវាង​នាយករដ្ឋមន្រ្តី​ទាំង២ នៅក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
លោក​ ប្រាក់​ សុខុន បន្ថែម​ថា ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​ថា​បញ្ហា​អតីតកាល​គឺ​ទទួល​ស្គាល់​ថា មាន​ទស្សនៈ​ខុសគ្នា ម្នាក់យល់​ឃើញផ្សេង ម្នាក់ទៀត​យល់​ឃើញ​ផ្សេង ដូច្នេះ​ហើយ​គ្មានអ្នកណា​អាច​ទៅកែ​អតីតកាល ឬ​ទស្សនៈ​អតីកាល​បាន​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​ត្រូវ​ទុក​អតីតកាល​ជា​របួស​ចាស់ ហើយមិន​ត្រូវ​ទៅឆ្កឹះ​ឱ្យ​ឈឺ​ឡើង​វិញ​នោះ​ទេ​។

ជាមួយគ្នានេះ នាយក​រដ្ឋមន្រ្តី​កម្ពុជា-សិង្ហបុរី បាន​ឯកភាព​ក្នុងការ​បន្ត​ចាប់ដៃគ្នា​ឆ្ពោះ​ទៅមុខ ហើយ​ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​ការរីក​ជាមួយ​គ្នា និង​បន្ត​សហប្រតិបត្តិការ​រួមគ្នា​ទៅមុខ​ទៀត៕

អត្ថបទ​ទាក់ទង៖

-សម្តេច ហ៊ុន សែន ហៅការ​លើកឡើង​របស់​នាយករដ្ឋមន្រ្តី​សិង្ហបុរី ជា​ការ​ប្រមាថ​កងទ័ព​វៀតណាម និងប្រឆាំង​ការ​រស់រាន​របស់​​ប្រជាជន​ខ្មែរ

-សម្តេច ហ៊ុន សែន ប្រដៅ និង​ក្រើនរំលឹក​​បន្ថែម​ដល់​នាយករដ្ឋមន្រ្តី​សិង្ហបុរី​

អត្ថបទ៖ សំភី

អត្ថបទថ្មី
;