ខេត្តព្រះសីហនុ នឹង​ប្រែក្លាយទៅ​ជាតំបន់​សេដ្ឋកិច្ច​ពិសេស "គំរូពហុបំណង"

  • 2019-06-27 02:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​បើកកិច្ចប្រជុំ​ពិភាក្សា​អំពី​លទ្ធផលនៃការ​សិក្សាបឋម​ស្តីពីការ​រៀបចំផែនការមេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជាតំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា (IDP) ឆ្នាំ​២០១៥-២០២៥។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩។

កិច្ច​ប្រជុំនេះ ធ្វើឡើង​កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩ ដឹកនាំ​ដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាប្រធាន​គណៈកម្មាធិការគោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធផងដែរ។

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយមានការ​ចូលរួម​សហការ​សម្របសម្រួល និង​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម ហៅកាត់ថា UNIDO កិច្ចប្រជុំ​បាន​អញ្ជើញ​លោក Xiao Sima នាយកវិទ្យាស្ថាន​នគររូបនីយកម្ម និង​ឌីសាញស៊ិនជិន ហៅកាត់ថា UPDIS ប្រទេសចិន ដើម្បី​ដឹកនាំ​ក្រុមការងារ​ធ្វើបទ​បង្ហាញ​ស្តីពី​លទ្ធផល​នៃការសិក្សាបឋម​ពី​គម្រោង​ផែនការមេនេះ។

អង្គ​ប្រជុំ បាន​ពិភាក្សា​លើ​លទ្ធផល​នៃការ​សិក្សាបឋម​របស់​ក្រុមការងារ និង​បាន​កំណត់​បញ្ហានានា រួមទាំង​ផ្តល់អនុសាសន៍​ជាវិធានការ​គោលនយោបាយ​សំដៅ​ដោះស្រាយ​បញ្ហា​ទាំង​នាពេលបច្ចុប្បន្ន និង​ទៅ​អនាគត និង​ស្នើឱ្យ​ក្រុមការងារ ធ្វើការ​សិក្សា និង​គិតគូរឱ្យបាន​គ្រប់ជ្រុងជ្រោយ សម្រាប់​ដាក់​បញ្ចូល​ផែនការ​សកម្មភាព​អនុវត្តន៍​ជាក់លាក់​ទៅក្នុងគម្រោង​ផែនការ​មេដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូពហុបំណង។ ផែនការមេ ត្រូវ​រួម​បញ្ចូល​នូវ​ទិដ្ឋភាព៖

-ចក្ខុវិស័យ​វែងឆ្ងាយ ដោយ​ឈរលើ​គោលការណ៍​សំខាន់ៗ ដូចជា តំបន់​ដែលមាន​នូវ​បច្ចេកវិទ្យា​វ័យ​ឆ្លាត, បរិក្ខារ​សម្រាប់​រស់នៅ​លំដាប់​ពិភពលោក, បរិស្ថាន​បៃតង, តំបន់​ឧស្សាហកម្ម និង​ជាប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ ដើម្បី​បម្រើឱ្យ​ខ្សែច្រវ៉ាក់​ផលិតកម្ម​ក្នុង​តំបន់។

-ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែលមាន​ជំនាញ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ដើម្បី​គាំទ្រ​វិស័យ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប និង​នវានុវត្តន៍។

-ជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ, ខ្សែក្រវាត់​បៃតង​កសិកម្ម និង​តំបន់​លំនៅដ្ឋាន ព្រមទាំង​គិតគូរដល់​ការផ្គត់ផ្គង់​សេវាសាធារណៈ​ដែលមាន​គុណភាព​ស្តង់ដាខ្ពស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;