គន្លឹះល្អៗ ដើម្បីប្រឡង​​ចូល​ជា​សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល

  • 2019-07-03 02:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំ២០១៩ នេះ សាលា​ភូមិន្ទ​រដ្ឋបាល នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​មន្រ្ដីជាន់ខ្ពស់ លើកទី១១ ចំនួន ៩៥នាក់ (ជំនាញរដ្ឋបាលទូទៅ ៣៥នាក់, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៣៥នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ ២៥នាក់) (ចុចអានលម្អិត)។

បើតាម​បទពិសោធន៍​ពី​អ្នកប្រឡង​ឆ្នាំមុន បានឲ្យដឹងថា ដើម្បី​ប្រឡង​ជាប់​ជា​សិស្ស​មន្ត្រីជាន់ខ្ពស់​ ឫ​សិស្ស​មន្ត្រី​ក្រមការ​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ដូច្នេះ​សូម​មក​ដក​ស្រង់​បទពិសោធន៍​ល្អ​ពី​លោក​ វិន ជីវន្ត ធ្លាប់​ប្រឡង​ជាប់​ជា​សិស្ស​មន្ត្រី​ក្រមការ និង​ត្រៀម​ប្រឡង​ចេញ​ដើម្បី​ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​ឆាប់​ៗ​ខាង​មុខ ដូច​ខាង​ក្រោម​នេះ៖

ការ​ត្រៀម​មុន​ពេល​ប្រឡង

១. ភាសា​អង់គ្លេស

បើ​និយាយ​ពី​ភាសា​អង់គ្លេស គឺ​ទាល់តែ​កម្រិត​ខ្ពស់​ ចេះ​ឲ្យ​ច្បាស់​ ជា​ពិសេស​ការ​សរសេរ​តែ​ម្ដង។ ជីវន្ត​ ប្រាប់​ថា ជាក់​ស្ដែង​ដូច​រូប​លោក​ប្រឡង​ចូល​ជា​សិស្ស​មន្ត្រី​ក្រមការ កម្រិត​ភាសា​អង់គ្លេស​យ៉ាង​ហោច​ណាស់​ក៏​ត្រឹម Advance ដែរ​ ហើយ​ក៏​មិន​ខុស​អី​ពី​ប្រឡង​យក​ពិន្ទុ IL មាន​ទាំង​បំពេញ​ចន្លោះ​ វេយ្យាករណ៍​ជា​ដើម។ ប្រសិន​បើ​ប្រឡង​មន្រ្តី​ជា​មន្ត្រី​ជាន់​ខ្ពស់​ទៀត កម្រិត​ភាសា​អង់គ្លេស​កាន់​តែ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ​ភាសា​អង់គ្លេស គឺ​ជា​ចំណុច​សំខាន់​បំផុត គួរ​តែ​ត្រៀម​ឲ្យ​ច្រើន​បំផុត។

២. ចំណេះដឹង​វប្បធម៌​ទូទៅ

បើ​ចំណេះដឹង​ទូទៅ​ គឺ​កាន់​តែ​ទូលំទូលាយ​។ ក្នុង​នោះ​សិស្ស​មន្ត្រី​ខាង​លើ​ដដែល​ប្រាប់​ថា ចំពោះ​វិញ្ញាសា​ចំណេះដឹង​ទូទៅ​គឺ​ចេញ​ចម្រុះ​តែ​ម្ដង​រួម​មាន ព្រឹត្តិការណ៍​ថ្មីៗ​ក្នុង​សង្គម នយោបាយ​ក្នុង​ប្រទេស​ជាតិ ព្រឹត្តិការណ៍​ថ្មីៗ​និយាយ​ពី​តំបន់​អាស៊ាន ហើយ​ក៏​ចេញ​ពី​ព្រឹត្តិការណ៍​ចាស់​ៗ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដូចជា សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា សង្គ្រាម​លោក​លើក​ជា​ដើម។ ដូច្នេះ​ដើម្បី​សង្ឃឹម​ជាប់​ច្រើន​លុះ​ត្រា​អាន​ស្រាវជ្រាវ​ឲ្យ​ច្រើន តាម​ដាន​រាល់​ព្រឹត្តិការណ៍​ថ្មីៗ​កុំ​ឲ្យ​រំលង។​

៣. ជំនាញ​ដែល​ត្រៀម​ប្រឡង

សិស្ស​មន្ត្រី​វ័យ​ក្មេង​រូប​នេះ បន្ត​ទៀត​ថា ប្រសិន​បើ​ប្រឡង​ជំនាញ​ណា​មួយ​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​បំផុត កុំ​ឲ្យ​នៅ​ស្ទាក់ស្ទើរ​ត្រង់​ចំណុច​ណា​មួយ។ ឧទាហរណ៍​ថា បើ​ប្រឡង​ជំនាញ​ផ្នែក​រដ្ឋបាល ដូច្នេះ​ឯកសារ​ដែល​ត្រូវ​ស្រាវជ្រាវ​នោះ​មាន​ដូចជា សៀវភៅ​ទាក់ទង​នឹង​ច្បាប់ រដ្ឋបាល​សាធារណ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ល។ ដូចនេះ​ហើយ​ទាមទារ​ឲ្យ​អ្នក​ត្រៀម​ប្រឡង​ចំណាយ​ពេល​វេលា​ផ្ដោត​លើ​ការ​ស្រាវជ្រាវ​ លើ​ជំនាញ​ដែល​ខ្លួន​ត្រូវ​ប្រឡង​ឲ្យ​ច្រើន ​តាម​ការ​ដែល​អាច​ទៅ​រួច។

លោក វិន ជីវន្ត (ទី២ រាប់ពីស្ដាំ)

ការ​សរសេរ​ដើម្បី​បាន​ពិន្ទុ​ច្រើន​អំឡុង​ពេល​ប្រឡង

៤. បញ្ចេញ​ចំណេះ​ដឹង​របស់​ខ្លួន​ឲ្យ​អស់​ពី​លទ្ធភាព​រាល់​ពេល​សរសេរ​ចម្លើយ

ត្រូវ​សរសេរ​រៀបរាប់​ចម្លើយ​ឲ្យ​បាន​ក្បោះក្បាយ ហើយ​កាន់​តែ​សំខាន់​គួរ​បញ្ចេញ​មតិ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន។ តាម​បទ​ពិសោធន៍​របស់ ជីវន្ត ផ្ទាល់​ប្រាប់​ថា ក្នុង​ការសរសេរ​បើ​យក​ល្អ គួរ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ផ្ទាល់​ឲ្យ​ច្រើន តែ​ត្រូវ​ច្បាស់​ថា ពិត​ជា​ត្រឹម​ត្រូវ​សមហេតុ​សមផល​មែន ដោយ​មិន​ចាំបាច់​យោង​តាម​ឯកសារ​ណាមួយ ឫ​សម្ដី​របស់​អ្នក​ណា​ច្រើន​ពេក​ក៏​បាន។ ជា​ពិសេស​រាល់​ការ​បញ្ចប់​ចម្លើយ​គួរ ធ្វើ​សំយោគ​សរសេរ​ឲ្យ​ក្បោះ​ក្បាយ ការ​ផ្ដល់​ជា​យោបល់​របស់​ខ្លួន នោះ​នឹង​ទទួល​បាន​ពិន្ទុ​ច្រើន។

៥. ព្យាយាម​ធ្វើ​ឲ្យ​អស់​សំណួរ​មិន​គួរ​ទុក​ចោល​មួយ​ណា​ឡើយ

បើ​វិញ្ញាសា​ដាក់​មក​ប៉ុន្មាន​ត្រូវ​ព្យាយាម​ឆ្លើយ​ឲ្យ​អស់ ទោះ​មិន​ចេះ​ច្បាស់​ទៅ​លើ​សំណួរ​ណា​មួយ​ក៏​ដោយ។ បើ​ឃើញ​ថា សំណួរ​ណា​មួយ​គិត​ថា​អាច​ឆ្លើយ​បាន ក៏​ចេះ​តែ​សរសេរ​ទៅ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​តែ​ទុក​សំណួរ​ចោល។ ការ​ទុក​សំណួរ​ណាមួយ​ចោល ទោះបី​សំណួរ​ផ្សេង​យើង​សរសេរ​បាន​ល្អ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​ទាញ​ពិន្ទុ​យើង​ទាប​ជាង​គេ​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត របស់​សិស្ស​មន្ត្រី​សាសា​ភូមិន្ទ​រដ្ឋបាល៕

ចុចអាន៖ ឆ្នាំនេះ សាលាភូមិន្ទរដ្ឋបាល ប្រឡង​ជ្រើសរើស​សិស្ស​មន្រ្ដីជាន់ខ្ពស់ ៩៥នាក់

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;