លោក ស៊ុន ចាន់ថុល៖ ក្រសួង​ដាក់​កាមេរ៉ា​ចាប់ល្បឿនតាមផ្លូវ​សំខាន់ៗ បើ​ចាប់បាន នឹង​ត្រូវផាក​ពិន័យ​ដល់ផ្ទះ

  • 2019-07-17 04:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ថា ក្រសួង​បាន​បំពាក់​កាមេរ៉ា​ចាប់ល្បឿន​នៅតាមផ្លូវ​សំខាន់ៗ​មួយ​ចំនួន ក្នុងករណីបើកបរលើសល្បឿនកំណត់ រថយន្តនោះនឹងត្រូវផាកពិន័យដល់ផ្ទះ។ ការ​ថ្លែងនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគយល់​រវាងក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន​មីឆែលីន និង​ក្រុមហ៊ុន​វើលដ៍ប៊្រីជ ត្រេឌីង ស្ដីពី​ការបង្កើន​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនថ្លែងកាលពីពេលកន្លងទៅ
ថ្លែងក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី តាំង​នាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានមាន​ប្រសាសន៍​ថា គ្រោះថា្នក់​ចរាចរណ៍​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៦នាក់​ក្នុង​មួយថ្ងៃ និងបាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាង ៤០០លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំ។

លោក​បញ្ជាក់​ថា គ្រោះថ្នាក់​ទាំងនោះ​បណ្ដាល​មកពី​កត្តា​ជាច្រើន​ដូចជា៖ កត្តាអ្នកបើកបរ កត្តា​យានយន្ត ការមិន​គោរពច្បាប់ និង​កត្តាផ្លូវជាដើម។

លោក ស៊ុន ចាន់ថុល បានអំពាវនាវ​ឱ្យបងប្អូន​ប្រជាពលរដ្ឋទាំងអស់​គោរពច្បាប់ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន យករថយន្ត​ទៅឆៀក​ឱ្យបានតាម​ពេលកំណត់ និងបើកបរ​ដោយមិន​ស្ថិតក្រោម​ឥទ្ធិពល​នៃគ្រឿង​ស្រវឹង៕

អត្ថបទ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;