ក្រសួង​បរិស្ថានថាសំរាម​ដែល​ទម្លាក់​ចោល​នៅ​ខេត្តព្រះសីហនុ គឺ​មកពី​អាមេរិក និង​កាណាដា

  • 2019-07-18 01:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ទិន្នន័យ​បឋម​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​ស៊ើប​អង្កេត សំណល់​ប្លាស្ទិក​ទាំង ៨៣ កុងទឺន័រ​ដែលជា​ទំនិញ​ហាមឃាត់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាននៅ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ មានប្រភព​មកពី​សហរដ្ឋ​អាមេរិក និងប្រទេស​កាណាដា មានទម្ងន់​ប្រមាណ ១៦០០តោន។ នេះបើ​តាមការ​បញ្ជាក់​របស់​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន នៅថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ។

លោក​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​បាននឹង​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែមទៀត​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ដែលនាំឱ្យ​មាន​ការនាំចូល​សំណល់​ប្លាស្ទិក​ដែលជា​ទំនិញ​ត្រូវ​ហាមឃាត់​នេះ មកកាន់​ប្រទេស​កម្ពុជា។ សមត្ថកិច្ច​ក៏បាននឹង​កំពុង​ស៊ើប​អង្កេត​ស្វែងរក​ក្រុមហ៊ុន​ដែល​លួច​នាំចូល​នូវ​សំណល់​ប្លាស្ទិក​នេះ ដើម្បីចាត់វិធានការ​តាមច្បាប់​ជាធរមាន។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​បញ្ជាក់ថា​ការលួចនាំចូល​ទំនិញ​ហាមឃាត់​សំណល់​ប្លាស្ទិក​ត្រូវបាន​គេក្លែងឈ្មោះ​ទំនិញ​ដោយដាក់​ថា ជា «ផលិតផល​សម្រាប់​កែច្នៃ​ឡើងវិញ» ដោយមិនបាន​បញ្ជាក់ថា​ជា «សំណល់ប្លាស្ទិក» ឡើយ។

ការ​បង្ក្រាប​លើការ​នាំចូល​សំណល់​ប្លាស្ទិក​ពី​បរទេស​មក​ចូល​ប្រទេស​កម្ពុជា​នៅពេល​នេះបាន បញ្ជាក់ពី​ការ​អនុវត្ត​ច្បាប់​យ៉ាងម៉ឺងម៉ាត់​ចំពោះ​មុខ​ទំនិញ​ដែល​ហាមឃាត់ និង​ប្រភេទ​សំណល់​ប្រកបដោយ​គ្រោះថ្នាក់។ ការ​បង្ក្រាប​បាន​ទាន់​ពេលវេលា​នូវទំនិញ​ហាមឃាត់​សំណល់​ប្លាស្ទិក នេះក៏​បាន​បង្ហាញពី​កិច្ច​សហការ​យ៉ាងស្អិត​រមួត​រវាង​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​និង​កំពង់ផែ​ស្វយ័ត​ក្នុងការ​ទប់ស្កាត់​ទំនិញ​ហាមឃាត់​មិនឱ្យ ចូលមក​កម្ពុជាបាន។

លោក​ នេត្រ ភក្ត្រា បាន​បន្តទៀតថា​ សមត្ថកិច្ចកិច្ច​បាននឹង​កំពុង​រៀបចំ​ដំណើរការ​នីតិវិធី​កំណត់ថា ទំនិញ​ហាមឃាត់​ទាំងនេះ​មកពី​ប្រភព​ណា ហើយ​នឹង​ត្រូវបញ្ជូន​ទៅប្រភព​ដើមវិញ និង​ធ្វើការ​ផាកពិន័យ​លើក្រុមហ៊ុន​ដែល​នាំចូល​មក​នោះ​តាម​ច្បាប់​ជា​ធរមាន។

រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​បន្ត​អនុវត្តវិធានការ​ច្បាប់​តឹងរឹង​ប្រឆាំងនឹង​ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​គ្រប់ប្រភេទ។ រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យមាន​ជាដាច់​ខាត​ចំពោះ​ការនាំចូល សំណល់​ប្លាស្ទិក មក​កែច្នៃ​នៅ​កម្ពុជា​ទេ។ កម្ពុជា​មិនមែន​ជាធុងសំរាម​សម្រាប់​ការ​បោះចោល បច្ចេកវិទ្យា ហួសសម័យ​នោះទេ ហើយ​កម្ពុជា​តែងតែជំទាស់​ជានិច្ចនឹង​ការនាំចូល​សំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីន​មកកែច្នៃ​នៅកម្ពុជា។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៩ ក្រសួង​បរិស្ថាន និង​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សម្រេច​គាស់ទូរ​កុងទឺន័រ ទាំងអស់​នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅក្នុង​កំពង់ផែ​ខេត្តព្រះសីហនុ ក្រោយពីមាន​ការ​សង្ស័យ លើទំនិញ​ដែលមាន​នៅក្នុង​ទូរកុងទឺន័រ​នោះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;