កម្ពុជា​ចង់នាំ​អង្ករ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី

  • 2019-07-21 03:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួងពាណិ​ជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូស​បញ្ជាក់​ថា កម្ពុជា​មានបំណងនាំ​អង្ករក្រអូប «ផ្កាម្លិះអង្គរ»​ ដែលទទួលបាន​ចំណាត់​លេខ១ កាលពីឆ្នាំ​២០១៨ ទៅកាន់​ប្រទេសឥណ្ឌូណេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និងពង្រឹង​កិច្ចសហការ​លើឧស្សាហកម្ម​ផលិតសម្ភារ និង​គ្រឿង​បង្គុំទោចក្រយាន​នៅក្នុង​ប្រទេស ព្រមទាំង​អភិវឌ្ឍ​ឧស្សាហកម្ម​គាំទ្រ​សម្រាប់​ការផលិត​ទោចក្រយាន ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុងស្រុក​សម្រាប់​ផលិតផល​នេះ និងនាំចេញ​ផលិតផល​សម្រេច ១០០% ទៅកាន់​ទីផ្សារ​អន្តរជាតិ។

ការ​ថ្លែង​របស់​រដ្ឋមន្រ្តីខាងលើ ក្នុង​ឱកាសអញ្ជើញ​ចូលរួម​ជាគណៈអធិបតីភាព ជាមួយលោកស្រី អ៊ីណា ហានីងត្យាស គ្រីស្នាមឺទី (Ina Hagningtyas Krisnamurthi) ទីប្រឹក្សា​ពិសេស​ក្រសួងការបរទេស​ទទួល​បន្ទុក​សេដ្ឋកិច្ច​ការទូត​ឥណ្ឌូណេស៊ី ក្នុងពិធី​សម្ពោធ​ពិព័រណ៍ពាណិជ្ជកម្ម​មិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលរៀបចំ​ឡើងនៅ​សួនច្បារ​ខាងជើង​ស្ពានថ្ម ក្បែរព្រះរាជ​ដំណាក់​ក្រុង​សៀមរាប កាលពីរសៀល​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៩ ក្រោមការ​ចូលរួមពី​អាជ្ញាធរ​ដែនដី មន្ត្រីរាជការ ពាណិជ្ជករ អាជីវករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ​ជាង ១០០០​នាក់។

នៅក្នុងឱកាស​នោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើង​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឥណ្ឌូណេស៊ី ដែល​កាលពី​ឆ្នាំ២០១៨ សម្រេច​បាន​ទឹកប្រាក់ ៥៥៨,៦២លានដុល្លារ (កម្ពុជា​នាំចូល ៥២៥,៦លាន​ដុល្លារ និង​នាំចេញ ៣៣លាន​ដុល្លារ) និងកិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច (ការមិន​យកពន្ធត្រួតគ្នា និង​ទប់ស្កាត់​អំពើ​បន្លំពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល) ក៏ដូចជា​វិស័យ​ទេសចរណ៍ (ការបើក​ជើងហោះហើរ​ត្រង់​ពីទីក្រុងហ្សាកាតា-ភ្នំពេញ)​ ដែលប្រទេសទាំងពីរ​បានចុះ​អនុស្សរណៈ​នាពេលថ្មីៗ​នេះ។

សូមជម្រាប​ថា គិតត្រឹមខែ​មេសា ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃប្រទេស​ទាំងពីរ សម្រេចបាន​ទឹកប្រាក់ ១៩៦,២៦លាន​ដុល្លារ គឺបានកើន​ឡើង ១០,៤៨% ធៀបរយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០១៨​ ក្នុងនោះ ការនាំចេញ​របស់កម្ពុជា​ទៅ​ឥណ្ឌូណេស៊ី បាន​កើនឡើង ៧,៧៥% និង​នាំចូល​កើនឡើង ៥៤,១៨%។ ដោយឡែក​សម្រាប់​ឧស្សាហកម្ម​ទោចក្រយាន កម្ពុជា​បាននាំចូល​បំណែក និងគ្រឿង​បន្លាស់ (លីប,​ តួ, ដៃ, ចង្កៀង, អំព្រីយ៉ា...) ពីឥណ្ឌូណេស៊ី​ចំនួន ៧,១៩លាន​ដុល្លារ នៅក្នុងឆ្នាំ​២០១៨៕

អត្ថបទ និងរូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;