សម្តេច ហ៊ុន សែន នឹងចាត់ឱ្យ ACU ចុះទៅចាប់មន្រ្តីពុករលួយផ្ទាល់តែម្តង
- 2019-07-30 03:37:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន នឹងចាត់ឱ្យ ACU ចុះទៅចាប់មន្រ្តីពុករលួយផ្ទាល់តែម្តង
ចន្លោះមិនឃើញ
ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តអភិក្រមទី៥ «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យចុះទៅចាត់ការផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយចាប់យកត្រង់ៗតែម្តង ដោយមិនចាំបាច់មកតាមខ្សែអ្វីនោះទេ ហើយមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងនេះ មិនត្រឹមតែដកតំណែងចេញនោះទេ តែត្រូវពិនិត្យលើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។
ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះទៅចាប់ខ្លួនមន្ត្រីនៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីសុរិយោដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់សំណង់រោងចក្រនៅទីនោះ ដែលសម្តេចបានដឹងអំពីរឿងនេះច្បាស់។
ចុចអានបន្ថែម៖ សម្តេច ហ៊ុន សែន ពន្យល់រឿងចាប់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់
«ការប្រព្រឹត្តអំពើពុករលួយ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួយនេះ។ អរគុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដែលបានចូលរួមចំណែកផ្តល់នូវដំណឹងក៏ដូចជាព័ត៌មានក្នុងការចូលរួមទប់ស្កាត់អំពើពុករលូយ»។ នេះជាការបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន