ទួលមួយក្បែរដែនជម្រកសៀមប៉ាង ជាទ្រនំ «សត្វត្រយ៉ងចង្កំ ក ស» ធំជាងគេបំផុតក្នុងពិភពលោក
- 2019-08-01 03:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទួលមួយក្បែរដែនជម្រកសៀមប៉ាង ជាទ្រនំ «សត្វត្រយ៉ងចង្កំ ក ស» ធំជាងគេបំផុតក្នុងពិភពលោក
ចន្លោះមិនឃើញ
អង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ថា «ទួលបុស្សភ្ញៀវ» គឺជាទ្រនំសត្វត្រយ៉ងចង្កំ ក ស ធំជាងគេបំផុតនៅលើពិភពលោក។
ទួលដែលជាទ្រនំ និងជាទីជម្រកដែលសំបូរប្រភពចំណីនៅរដូវវស្សានេះ បាននឹងកំពុងទ្រទ្រង់ សត្វត្រយ៉ងចង្កំ ក ស ដល់ទៅជាង ៤០% នៃចំនួនសរុបមាននៅក្នុងពិភពលោក។ វាស្ថិតនៅក្រៅតំបន់ ការពារ ក្នុងទីតាំងព្រៃរិចរិលដែលមានដើមឈើងាប់ជាច្រើនជាប់ជាមួយវាលស្រែបោះបង់ចោល និងជាវាលស្មៅសើម ចម្ងាយប្រហែល ៦គីឡូម៉ែត្រខាងត្បូង ដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច។
ក្នុងខែកក្កដានេះ ត្រយ៉ងចង្កំ ក ស ចំនួន ២៥៣ក្បាល ក្នុងចំណោម ៣១២ក្បាលនៃដែនជម្រកសៀមប៉ាង កំពុងប្រើប្រាស់ទ្រនំទួលបុស្សភ្ញៀវ។ ក្រៅពីសត្វជិតផុតពូជនេះ ទួលបុស្សភ្ញៀវក៏កំពុងទ្រទ្រង់ដល់ប្រភេទសត្វរងការគំរាមកំហែងជាសកលផ្សេងទៀតដូចជា ត្រយ៉ងយក្ស ត្រដក់តូច និងកុកពាក់អំបោះជាដើម។
បច្ចុប្បន្ន តំបន់នេះកំពុងរងការគំរាមកំហែងតាមរយៈការបរបាញ់ ការទន្ទ្រានដី និងការរំខានពីមនុស្សអាស្រ័យដោយទីតាំងស្ថិតនៅក្រៅតំបន់ការពារ។
ដោយសារតែភាពពិសេសគ្មានពីរនៃទីតាំងនេះ អង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជា បានសំណូមពរដល់សហគមន៍មូលដ្ឋាន អជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រសួងបរិស្ថាន ជួយគាំទ្រដល់សំណើក្នុងការរៀបចំតំបន់ដ៏តូចនេះ ជាតំបន់ការពារថា្នក់ខេត្ត និងចូលរួមការពារទីជម្រកនេះកុំឲ្យបាត់បង់៕
អត្ថបទ និងរូបថត៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជា