កូរ៉េខាងត្បូង ​ត្រៀម​លុយជាង ៦ពាន់​លាន​ដុល្លារស្រាវជ្រាវ​ខ្លួនឯង ឈប់​ពឹង​ផ្អែកលើវត្ថុធាតុដើម​ជប៉ុន

  • 2019-08-05 06:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ប្រកាស​​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០១៩ ពី​ផែនការ​វិនិយោគជាង ៦ពាន់​លាន​ដុល្លារ ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​​ខ្លួនឯង​សម្រាប់​វត្ថុធាតុ​ដើម គ្រឿង​បន្លាស់ និង​ឧបករណ៍ ក្នុង​រយៈពេល ៧ឆ្នាំក្រោយ ក្នុងគោល​បំណង​កាត់​បន្ថយ​ការពឹង​ផ្អែក​ការនាំចូលពី​ប្រទេស​ជប៉ុន។

លោក ស៊ិនហ្សូ អាបេ និង​លោក មូន ចេអ៊ីន ក្នុង​អំឡុងកិច្ចប្រជុំ G20 នៅក្រុងអូសាកា (រូបថត៖ AFP)
លោក Sung Yun-mo រដ្ឋមន្រ្តី​ឧស្សាហកម្ម​កូរ៉េខាងត្បូង បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា កូរ៉េខាងត្បូង ​ចង់ប្រែក្លាយ​វិបត្តិ​នេះ ទៅជា​ឱកាស​សម្រាប់​ឧស្សាហកម្ម​វត្ថុធាតុដើម ​គ្រឿង​បន្លាស់ និង​ឧបករណ៍ ដែល​ប្រើសម្រាប់​ផលិត​បន្ទះឈីប អេក្រង់ អាគុយ យានយន្ត និង​ផលិតផល​ផ្សេងទៀត។

ការ​បញ្ចេញ​ផែនការ​នេះ ក្រោយ​ពេលជប៉ុន កាលពីថ្ងៃសុក្រ​កន្លងទៅ បាន​ដកកូរ៉េខាងត្បូង​ចេញពី «បញ្ជី ស» ពោលគឺ​ការ​នាំចេញ​ទំនិញ​របស់ជប៉ុន ទៅកាន់​កូរ៉េខាងត្បូង នឹង​កាន់តែ​រឹតត្បិត​ជាងមុន។ ក្រុមហ៊ុន​ជប៉ុន​ដែល​នាំចេញ​ទំនិញ​សំខាន់ៗទៅ​កូរ៉េខាងត្បូង ត្រូវ​សុំ​ការអនុញ្ញាត​បន្ថែម​ទៀត ដើម្បី​ធានា​ថា ទំនិញ​ទាំង​នោះ នឹងមិនត្រូវ​បាន​យក​ទៅប្រើប្រាស់​សម្រាប់​យោធា​កូរ៉េខាងត្បូង​ឡើយ។

ប៉ុន្មាន​ម៉ោងក្រោយមក កូរ៉េខាងត្បូង​ក៏បាន​តបតវិញ ដោយ​ប្រកាស​ដកជប៉ុន​ចេញពី «បញ្ជី ស» របស់​ខ្លួន​ផងដែរ ប៉ុន្តែ​មិនបាន​លម្អិតឡើយ។

កាលពី​ខែ​កក្កដា​កន្លងទៅ ជប៉ុន​បាន​រឹតត្បិត​លើការ​នាំចេញ​វត្ថុ​ធាតុដើម ដែល​ប្រើសម្រាប់​ផលិត​បន្ទះឈីប អេក្រង់ និងស៊ឺមីកុងឌុចទ័រ​ជាដើម ខណៈដែល​កូរ៉េខាងត្បូង គឺ​ជាប្រទេស​ដែល​នាំចូល​ធំបំផុត​របស់​ជប៉ុន លើ​វត្ថុធាតុដើមនេះ។

វិធានការ​ពាណិជ្ជកម្ម​របស់ជប៉ុន​នេះ បន្ទាប់​ពីរដ្ឋាភិបាល​ក្រុងសេអ៊ូល បានទាមទារ​ឱ្យក្រុងតូក្យូ ផ្តល់សំណង​នូវ​ទង្វើ​ដែល​ទាហាន​ជប៉ុន បានប្រព្រឹត្ត​ទៅលើ​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង ក្នុង​អំឡុង​ជប៉ុន ឈ្លានពាន​កូរ៉េ ដូចជា​ការបង្ខំ​ប្រើកម្លាំង​ពលកម្ម និង​ទាសករ​ផ្លូវភេទ​ជាដើម៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;