ប្រជាពលរដ្ឋ ២២ក្រុម​នៅ​ខេត្ត​ព្រះសីហនុ សុំ​ឲ្យ លោក គួច ចំរើន ចេញ​ប័ណ្ណ​សំគាល់​កាន់​កាប់​ដី

  • 2019-08-13 09:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​កិច្ចពិភាក្សា រក​ដំណោះ​ស្រាយ និង​ផល​ប៉ះ​ពាល់ ដល់​ប្រជា​ពលរដ្ឋចំនួន ២២ក្រុម មកពី ២ក្រុង និង ៣ស្រុក ក្នុង​ខេត្តព្រះសីហនុ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​បញ្ហា​ស្រដៀង​គ្នា គឺ​សុំ​ចេញ​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់ វែង​នា​ពេល​កន្លងមក និង​បញ្ហា​ផ្សេងៗមួយ​ចំនួន​ទៀត។

ការ​ស្នើ​សុំ​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​​​នៅ​ព្រឹក​ថៃ្ង​ទី ១៣ ខែសីហា ឆ្នាំ២០១៩ ដោយ លោក គួច ចំរើន បាន​និយាយ​ថា រដ្ឋបាល​ខេត្ត​បាន​ទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង ២២ក្រុម និង​សន្យា​ធ្វើការ​ដោះ​ស្រាយម្តងមួយៗ ព្រោះ​បើ​ដោះ​មួយ​កញ្ចប់តែ​ម្តង មិនអាចធ្វើបានទេ។ លោក​ក៏​បាន​បន្ត​ថា ចំពោះ​រឿង​ដែល​ចូល​ដល់​ប្រព័ន្ធ​តុលាការលោក​មិនមានសិទ្ធិនោះទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋរកមេធាវី ដើម្បី​ការពារក្តី។

តាម​ការ​ឆ្លើយ​តប​ខាង​លើ​នេះ លោក​ក៏​សុំការ​យោគយល់ពីប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ ក្នុង​ការ​ដោះស្រាយ ព្រោះ​រដ្ឋបាល​ខេត្ត​ត្រូវ​ជ្រើស​រើស​យក​កិច្ចការ​ណា​សំខាន់​មក​ធ្វើការ​ដោះ​ស្រាយ​ចំពោះ​មុខ ហើយ​នៅ​មានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ។

លោក គួច ចំរើន ក៏​បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និង​ដី​ឯកជន​ដោយ​ខុសច្បាប់ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចាប់​ដីរដ្ឋដោយខុសច្បាប់នោះដែរ។ ដើម្បី​ការ​ពារ សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​ខេត្ត ឱ្យ​មាន​ការរីកចម្រើន និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;