មក​ដឹង​គម្រោង​អនាគត ​ចាន់ រតនា ធានា​ថា​នឹង​សរសើរ​គ្រប់​គ្នា​មិន​ខាន​

  • 2019-08-20 07:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ក្នុង​ទ្រុង​ ចាន់ រតនា ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ​ក្រោយ​ពី​ធ្វើ​បាន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ ​សង្វៀន ONE Championship ​៣​ដង ​ឈ្នះ​ទាំង​៣​ដង។

ក្រោយ​ពី​ចប់​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​មុន​ ដោយ​វាយ​កីឡាករ​មហា​កម្លាំង​គុយបា Balart ​សឹង​តែ​សន្លប់​ឈ​មក​នោះ ​ចាន់ រតនា ​បាន​បង្ហើប​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​ខ្លួន​ថា​៖ “ពី​មុន​ខ្ញុំ​ចង់​ជួប Ma Hao Bin ​ដែល​ជា​អ្នក​យក​ឈ្នះ​ខ្ញុំ​កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មិន​ខ្វល់​អ្នក​ដែល​ត្រូវ​ជួប​បន្ទាប់​នោះ​ទេ។ គ្រប់​យ៉ាង​អាស្រ័យ​លើ ONE ។ បើ​ទោះ​ជា​ប្រកួត​បន្ទាប់​ខ្ញុំ​ឈ្នះ ​ឬ​ចាញ់ ​ខ្ញុំ​រីករាយ​នឹង​ទទួល​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​គឺ​ពិត​ជា​ចង់​ប្រកួត​ប្រជែង​យក​ខ្សែ​ក្រវាត់។ ខ្ញុំ​បាន​ទទួល​លទ្ធផល​ល្អ ព្រោះ​ខ្ញុំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង ​ប្រកួត​ថ្ងៃ​មុខ ​ចាញ់ ឬ​ឈ្នះ ​មិន​ជា​បញ្ហា​ទេ ​ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ”។

រតនា ​កំពុង​កាន់​កំណត់ត្រា​ល្អ ឈ្នះ​៣​ប្រកួត​ផ្ទួន​ៗនៅ​សង្វៀន ONE ​ខាង​លើ​។ ​រូបគេ​អាច​នឹង​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ជាមួយ​កីឡាករ​កម្រិត​ខ្ពស់​ទៀត​នៅ​ការ​ប្រកួត​បន្ទាប់ ដែល​គេ​រំពឹង​ថា​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន។ អតីត​កីឡាករ​ដែល​ធ្លាប់​រត់​ម៉ូតូ​កង់​បី​រូប​នេះ ​តែងតែ​យក​ជាតិ​ខ្មែរ ​ក្នុង​ចិត្ត​ជា​និច្ច ​ពេល​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;