សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ចូលរួមពង្រឹងសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងតំបន់អាស៊ាន

  • 2019-08-26 13:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិក្ខាសាលា​ស្តីពីការ​បើក​ដំណើរការ​​គម្រោង​ ការ​គាំទ្រ​សមាហរណកម្ម​អាស៊ាន​បូក​កម្ពុជា (ARISES Plus Cambodia) ត្រូវ​បាន​ធ្វើឡើង​កាលពីថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នៅ​រាជធានីភ្នំពេញ។ គម្រោង​នេះ ជា​ការផ្តល់​ហិរញ្ញប្បទាន​រួមគ្នា​ពី​សហភាព​អឺរ៉ុប និង​ក្រសួង​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សហព័ន្ធ​អាល្លឺម៉ង់​ (BMZ) ដែល​អនុវត្ត​ដោយ GIZ របស់​អាល្លឺម៉ង់​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣ ក្នុង​ទឹកប្រាក់​ប្រមាណ ៩,៣៥លានអឺរ៉ូ។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន។

គម្រោងនេះ នឹង​គាំទ្រ​ដល់​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​របៀប​វារៈ​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​កម្ពុជា ព្រមទាំង​ធ្វើការ​ជាមួយ​វិស័យឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត។

គម្រោង ARISES Plus Cambodia នឹង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើង​​​ពន្ធគយ ការសម្រួល​ពាណិជ្ជកម្ម និង​ស្តង់ដា និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន ការអនុវត្ត​បទប្បញ្ញត្តិ រួមទាំង​បង្កើន​ការចូលរួម​របស់​វិស័យ​ឯកជន​ តាមរយៈ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​។ គម្រោង​នេះ ក៏ជួយ​បំពេញ​នូវការតាំងចិត្ត​របស់​កម្ពុជា ក្រោម​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (TFA) អង្គការពាណិជ្ជកម្មពិភពលោក និង​ចូលរួម​ចំណែក​ដល់​ការអនុវត្តដោយជោគជ័យនៃ​យុទ្ធសាស្រ្ត​សមាហរណកម្ម​ពាណិជ្ជកម្មថ្មី (២០១៩-២០២៣) របស់​កម្ពុជាផងដែរ។

លោក George Edgar ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​ផុតអាណត្តិ បាន​ថ្លែងថា ជំនួយ​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​ពាណិជ្ជកម្ម​បាន​ជួយផ្តល់​ភាពស្រួល​ដល់​នីតិវិធី​ការនាំចេញ និង​នាំ​ចូល​មក​កម្ពុជា​ ព្រមទាំង​ស្វ័យប្រវត្តិកម្ម​គយផងដែរ។ ​សមាសភាគ​ជាតិ​នៃ​គម្រោង​ ARISE Plus ​នេះ នឹង​ក្លាយ​ជា​គន្លឹះ​សំខាន់​សម្រាប់​កម្ពុជា​ ដើម្បី​បំពេញ​ការប្តេជ្ញាចិត្តរបស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បង្កើន​ការប្រកួតប្រជែង​នៅក្នុង​តំបន់។

បើតាម​លោក Sascha Reebs លេខាធិការ​ទី​១ នៃស្ថានទូតអាល្លឺម៉ង់ ឱ្យដឹងថា សហភាព​អឺរ៉ុប និង​អាស៊ាន គឺ​ជាដៃគូនឹងគ្នា ដោយ​បាន​ចែករំលែក​គុណតម្លៃ និង​ផលប្រយោជន៍​លើ​ពាណិជ្ជកម្ម​សេរី ការផ្លាស់ប្តូរ​អាកាស​ធាតុ និង​សណ្តាប់ធ្នាប់អន្តរជាតិ​ផ្អែកលើច្បាប់។ អាស៊ាន​នឹង​ក្លាយ​តួអង្គ​អន្តរជាតិ​កណ្តាលមួយ នៅក្នុង​គ្រប់​វិស័យ​ទាំងអស់។ ដូច្នេះ ARISE Plus នឹង​ចូលរួម​ចំណែក​ ដោយ​ការ​គាំទ្រ​សមាហរណកម្ម​សេដ្ឋកិច្ច​នៃតំបន់។

ARISE Plus នឹង​ធ្វើឡើង​ស្រប​ជាមួយ​នឹង​អាទិភាព និង​សកម្មភាព​ ក្រោម​យុទ្ធសាស្រ្ត​សមាហរណកម្ម​ពាណិជ្ជកម្មកម្ពុជា (CTIS) ពីឆ្នាំ២០១៩-២០២៣ និង​យុទ្ធសាស្រ្ត​សម្រាប់​កំណែទម្រង់​ និង​ទំនើបកម្ម​គយ (SCRM) ពីឆ្នាំ​២០១៩-២០២៣។

សូម​ជម្រាប​ថា គម្រោង ARISE Pus Cambodia គឺ​ជាផ្នែក​មួយ​នៃកម្មវិធី​តំបន់​ស្តីអំពី​ការគាំទ្រ​សមាហរណកម្ម​តំបន់អាស៊ាន​នៃ​សហភាព​អឺរ៉ុប ដែល​រួមមាន៖ គម្រោង ARISE Plus ប្រចាំ​តំបន់ ប្រតិបត្តិការ​ចេញពី​ទីស្នាក់ការ​កណ្តាល​អាស៊ាន ក្នុងក្រុង​ហ្សាការតា និង​គម្រោង​ ARISE Plus ទ្វេភាគី​ជាច្រើន​ទៀត ក្នុង​សមាជិក​អាស៊ាន​ដែលត្រូវបាន​ជ្រើសរើស៕

អត្ថបទ៖ សំភី

;