កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យការងារ

  • 2019-09-05 07:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និង​ពិភាក្សាការងារជាមួយលោក Saud F.Mal Suwelim ឯកអគ្គរាជទូតនៃ ព្រះ​រា​ជា​ណា​ចក្រ​អា​រ៉ា​ប៊ី​សាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួង។

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ជំនួបពិភាក្សានេះដែរ បាន​ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែល​កម្ពុជា និង​អារ៉ាប៊ីសាអូឌីត បាន​សហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយ​បាន​និង​កំពុង​បន្ត​ពង្រឹង​ពង្រីក​បន្ថែម​ទៀត។ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានទទួលស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរាជទូត នៃ​ព្រះ​រា​ជា​ណាចក្រអារ៉ាប៊ីសាអូឌីត យ៉ាង​កក់ក្ដៅ និង​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ។ លោករដ្ឋមន្ត្រី ក៏លើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ​នៅ​កម្ពុជា ជម្រាប​ជូនឯកឧត្តមឯកអគ្គរាជទូតផងដែរ។

ក្រោយជំនួបនេះ លោក អុិត សំហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយ​ពីការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងរួចមក ភាគីទាំងពីរ បានអនុវត្តន៍លើផ្នែកបច្ចេកទេស ដោយសម្របសម្រួល និង​បំ​ពេញបែបបទនីតិវិធីសម្រាប់ការបណ្តុះបណ្តាលលើការបញ្ជូននេះ ដែល​រហូត​មក​ដល់​ពេល​នេះ​យើង​មាន​ទីភ្នាក់ងារស្របច្បាប់ចំនួន៤០ ដោយសហការការងារជាមួយអារ៉ាប៊ីសាអូឌីត បាន​យ៉ាង​ល្អ​ប្រសើរ។ ហើយ ពលករកម្ពុជាបម្រើការងារនៅទីនោះមានចំនួនតិចតួចនៅឡើយ ខណៈ​ដែល​ពលករ​បរទេសកំពុងបម្រើការងារនៅអារ៉ាប៊ីសាអូឌីត មានរហូតដល់ជិត ១៥លាននាក់។

លោកបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត ជាទីផ្សារដ៏ធំមួយដែលស្រូបកម្លាំងពលកម្មបរទេស មាន​ទាំង​ទៅ​ពី​តំបន់អាស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងមានប្រទេសជាច្រើនផ្សេងទៀត។ ក្នុងជំនួបនោះដែរ លោក​រដ្ឋមន្រ្តី ក៏​បានជម្រាបជូនភាគីជំនួបអំពីលទ្ធភាពនៃការទាក់ទាញទីផ្សារការងារ គឺ​ផ្តោត​លើ​បញ្ហា​ប្រាក់ឈ្នួល ដែល​កន្លង​មក​ប្រទេស​មួយ​ចំនួន​បាន​ទទួល​ពលករ​ពី​កម្ពុជា​ទៅ​បម្រើការងារ​ក្នុង​តម្លៃ​ដ៏សមរម្យមួយ ដូចជាសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម។ ដែលពលករកម្ពុជា បាន​ខិត​ខំ​រៀន​សូត្រ​និងចាប់យកឱកាសនោះ ហើយមួយវិញទៀតលក្ខខណ្ឌការងារ និង​សុវត្ថិភាព​នៅ​ក្នុង​ពេល​ធ្វើការ ក៏ដូចជាការវិលត្រឡប់មកវិញ ក៏ជាចំណុចទាក់ទាញនិងការបញ្ជូនដែរ។

បន្ថែមទៀតនេះ អារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលមានប្រព័ន្ធគ្រប់គ្រង និងការដោះស្រាយវិបត្តិ ឬ​បញ្ហា​ប្រឈម​របស់​ពលករមានលក្ខណៈល្អប្រសើរ ដែលកម្ពុជាគួរតែគិតគូរ។ លោក អុិត សំហេង ចាត់​ទុក​ថា​ជំនួប​នេះ​ពិត​ជា​មានលក្ខណៈ​ល្អ​ប្រសើរ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ មិន​តែ​ប៉ុណ្ណោះ​មាន​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​វិស័យ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​យក​ចិត្តទុកដាក់។ សូម​បញ្ជាក់​ផងដែរ ទីផ្សារការងារសំខាន់ៗនៅអារ៉ាប៊ីសាអូឌីត មានដូចជា ឧស្សាហកម្ម សំណង់ និងការងារតាមផ្ទះ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;