និស្សិត​ពេទ្យ រៀននៅសាលា​​រដ្ឋប្រើ​សុទ្ធបច្ចេកវិទ្យា VR និង Telemedicine

  • 2019-09-10 07:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល (ស.វ.ស) បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរ​ពិសោធន៍​បង្ហាញ​ត្រាប់ (Skill and Simulation Laboratory) ផ្នែកវេជ្ជសាស្ត្រ របស់ ស.វ.ស ដោយ​បាន​អញ្ជើញ​ពិនិត្យ និង​សាក​ល្បង​ដោយផ្ទាល់លើឧបករណ៍បច្ចេកវិទ្យា VR (Virtual Reality) និងTelemedicine​កាល​ពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។

បច្ចេកវិទ្យា VR នេះត្រូវបានបំពាក់សម្រាប់គ្រូពេទ្យ (អ្នកប្រើប្រាស់) ដោយពិនិត្យទៅលើ Mannequin ដែលផ្តល់រូបភាពជាលក្ខណៈ 3D ប្រហាក់ប្រហែលទៅនឹងការពិនិត្យលើអ្នកជម្ងឺផ្ទាល់។ ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ការមើលឃើញរបស់អ្នកប្រើប្រាស់ គឺ​អាច​បង្ហាញ​លើ​អេក្រង់​ទូរទស្សន៍​ធំ​សម្រាប់​ឱ្យ​និស្សិត​អាច​មើល​ឃើញ និង​តាមដានក្នុងពេលបង្រៀនផងដែរ។

ដោយឡែក Telemedicine ជា​ឧបករណ៍​សម្រាប់​ជួយ​គ្រូ​ពេទ្យ​មាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​សេ​វា​ថែ​ទាំ​សុខភាព​ពីចម្ងាយ ដូចជាការវាយតម្លៃសុខភាព ឬ​ការ​ពិគ្រោះ​យោបល់​ទាក់ទង​នឹង​សុខភាព​ដោយ​ប្រើ​បច្ចេកវិទ្យា​ក្នុងការទំនាក់ទំនងដោយមិនចាំបាច់ជួបផ្ទាល់ ជា​ពិសេស​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​ដោះ​ស្រាយ​លើ​បញ្ហាសុខភាពក្នុងគ្រាមានអាសន្ន ឬគ្រោះមហន្តរាយផ្សេងៗ។

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល ​ជា​សាកលវិទ្យាល័យ​ដែល​បាន​ផ្ដោត​អាទិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​សម្ភារ:​បរិក្ខារ​មន្ទីរ​ពិសោធន៍​បង្ហាញ​ត្រាប់ សម្រាប់​ការ​បណ្ដុះ​បណ្ដាល​វិស័យ​វិទ្យា​សាស្ត្រ​សុខាភិបាល៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;