រដ្ឋមន្ត្រី​ម៉ាំ​​ល្ហុង ផ្លាស់​ប្ដូរ​១៨០ ដីគ្រេ ក្រោយ​ជិះ Rolls-Royceច្នៃ​ដោយ​ជាង​​ដែក​ក្នុង​ស្រុក

  • 2019-09-14 07:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​កុម្ម៉ង់​ជាង​​ក្នុង​ស្រុក​​កែច្នៃ កាមេរី​៩១ មក​ជា​​រថយន្ត Rolls-Royce ដូច​ ​​រថយន្ត​សេដ្ឋី​អង់គ្លេស​ដែល​មាន​តម្លៃ​ជាង ១០​លាន​ដុល្លារ​រួច​មក លោក បូរ៉ា ហៅ​រដ្ឋមន្ត្រី​ម៉ាំ​​ល្ហុង បញ្ជាក់​ថា អាជីវកម្ម​កាន់​តែ​រីក​ចម្រើន​​ខ្លាំង​ទាំង​មុខ​ជំនួញ ​ទាំង​ការងារ​សិល្បៈ។    

លោក​ថ្លែង​ឲ្យ​ដឹង​ថា វត្តមាន Rolls-Royce​ នេះ​បាន​លើក​មុខ​មាត់ ​ជំនួញ និង​ការងារ​សិល្បៈ​ខ្លាំង បើ​និយាយ​ពី​ការ​លក់​វិញ លោក​ថា អាច​លក់​ដាច់​ស្ទើរ​គុណ​នឹង​២ ហើយ​ចំណែក​ទីផ្សារ សិល្បៈ​មាន​ផលិតករ​​ទាក់​ទង​ថត​ជា​​បន្ត​បន្ទាប់។ "កាល​នៅ​អា​ឡាន​តូច ខ្ញុំ​លក់​​ព្រឹក​ល្ងាច​បាន​៣០ម៉ឺន​អី​ទេ ប៉ុន្តែ​ដល់​មាន​អា Rolls-Royceហ្នឹង​មក ខ្ញុំ​លក់​បាន​៦០ទៅ ៨០ ម៉ឺន​រៀល​​ក្នុង​១ថ្ងៃ គឺ​ដាច់​ពិត​មែន រក​ពេល​សម្រាក​គ្នាន​ទេ​បង ខំៗ​ដើម្បី​រំលោះ​ធនាគារ" លោក បូរ៉ា លើក​ឡើង។   បើ​តាម​ការ​បញ្ជាក់ បើ​ទូទាត់​ថ្លៃ​ដើម ថ្លៃ​ពលកម្ម អ្នក​លក់​ម៉ាំ​ល្បី​ឈ្មោះ​រូប​នេះ ទទួល​បាន​ប្រាក់​ចំណេញ​ចន្លោះ​២០ ទៅ​៣០ ម៉ឺន​ក្នុង​១​ថ្ងៃ។ ងាក​មក​ការ​ងារ​សិល្បៈ​ឯណោះ​វិញ  អ្នក​លក់​ម៉ាំ មាន​កំណើត​មក​ពី​ខេត្ត តាកែវ​រូប​នេះ​ថា ផលិតករ​ភាគ​ច្រើន​ចាប់​អារម្មណ៍ Rolls-Royce ដែល​ទើប​នឹង​កែច្នៃ​នេះ​តែ​ម្ដង ដោយ​ពួក​គាត់​ចង់​បាន​​យក​ទៅ​ថយ​រឿង និង MV ​ជា​​ដើម។

ឆាប់ៗ​ ខាង​មុខ​នេះ លោក​គ្រោង​នាំ​រថយន្ត​ រួម​ទាំង​រូប​លោក​ផង ចូល​រួម​ថត​ភាពយន្ត​១​រឿង​ឲ្យ​ផលិតករ​ម្នាក់​នៅ ផលិតកម្ម​រស្មី​ហង្ស​មាស ក្នុង​នោះ​តម្លៃ​ខ្លួន និង​ថ្លៃ ជួល​រថយន្ត​ក៏​បាន​ថ្លៃ​ជាង​មុន​ផង​ដែរ។  

លោក បូរ៉ា ហៅ​រដ្ឋមន្ត្រី​ម៉ាំ​​ល្ហុង  ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​តារា​ចម្រៀង និង​ជា​អ្នក​លក់​ម៉ាំ​ម្នាក់ តែង​និយម​ចូល​ចិត្ត​ធ្វើ​ខ្លួន​ប្លែកៗ ជា​មួយ​និង​យាន​ជំនិះ ទៅ​តាម​អារម្មណ៍​របស់​ខ្លួន ដើម្បី​ឲ្យ​មហាជន​ចាប់​អារម្មណ៍។  អាជីវកម្ម​របស់​លោក មិនមែន​មាន​តែ​លក់​ម៉ាំ​១​មុខ​ទេ លោក​មាន​លក់​គ្រឿង​ក្លែម​ផ្អាប់​ជា​ច្រើន​មុខ​ទៀត ជ្រក់​ជើង​មាន់ ជ្រក់​ឆៃថាវ ជ្រក់​ត្រពាំង ក្ដាម​ប្រៃ ជា​ដើម។

Rolls-Royce ខាង​លើ​មិន​ទាន់​បញ្ចប់​ការ​កែច្នៃ​នៅ​ឡើយ​ទេ លោក​ថា គ្រោង​​ច្នៃ​ជា ដើម​ល្ហុង មាន​ផ្លែ នៅ​លើ​ឡាន​នេះ បន្ថែម​ទៀត។  កា​រ​កែច្នៃ​ពី​រថយន្ត កាមេរី​៩១ មក​ជា​​រថយន្ត Rolls-Royce ដូច​ដែល​លោក​អ្នក​បាន​ឃើញ​នេះ លោក​បាន​ចំណាយ​ប្រាក់​អស់​​ប្រហែល​ជាង​៧០០០ ដុល្លារ។  

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អ្នក​លក់​មុំា​ល្បី​ឈ្មោះ​រូប​នេះ​បាន​កែ​ច្នៃ​ឡាន កន្លង​មក លោក​ធ្លាប់​បាន​ ច្នៃ​ឡាន វ៉ៃ​កូនហ្គោល មក​ជា​រថយន្ត​ Rolls-Royce ពណ៌​​លឿង​១​គ្រឿង​ម្ដង​រួច​មក​ ហើយ​រថយន្ត​នេះ លោក​មិន​បាន​លក់​ចេញ​ឡើយ គឺ​កំពុង​តែ​ដឹក​លក់​ម៉ាំ​រាល់​ថ្ងៃ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;