ឥណ្ឌូណេស៊ី ចង់វិនិយោគផ្លូវដែក និងកំពង់ផែនៅកម្ពុជា
- 2019-09-20 02:21:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ី ចង់វិនិយោគផ្លូវដែក និងកំពង់ផែនៅកម្ពុជា
ចន្លោះមិនឃើញ
លោក Budi Karya Sumadi រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានសម្តែងនូវបំណងពង្រីកអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា ព្រោះប្រទេសឥណ្ឌូណេស៊ីមានរោងចក្ររដ្ឋដ៏ធំផលិតទូ និងក្បាលរថភ្លើង ដែករ៉ៃ និងគ្រឿងបង្គុំផ្សេងៗ សម្រាប់បម្រើឲ្យការលើកកម្រិត និងសាងសង់ផ្លូវដែក។ ចំពោះកំពុងផែវិញ ប្រទេសឥណ្ឌូណេស៊ីមានរោងចក្ររដ្ឋធំៗផលិតនាវា គ្រឿងឧបករណ៍សម្ភារៈបរិក្ខារកំពង់ផែ។
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក Budi Karya Sumadi និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងអំឡុងពេលដែលលោកទេសរដ្ឋមន្រ្តី ធ្វើទស្សនកិច្ចការងារនៅឥណ្ឌូណេស៊ី ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងលើកកម្រិតផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មី ព្រមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែរបស់កម្ពុជាផងដែរ។ លោកបានស្វាគមន៍ដល់បំណងធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគរបស់ឥណ្ឌូណេស៊ីនៅកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគីឥណ្ឌូណេស៊ី មកសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យពាក់ព័ន្ធមួយចំនួនទៀត រួមទាំងពាណិជ្ជកម្មស្រូវអង្ករផងដែរ។
លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីពិចារណាឡើងវិញ លើការទិញអង្ករពីប្រទេសកម្ពុជា ដែលភាគីទាំងពីរបានចុះអនុស្សរណៈជាមួយគ្នា កាលពីឆ្នាំ២០១២កន្លងមកផងដែរ៕
អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន