អូស្ត្រាលី​បញ្ចេញ​ទឹកលុយ ១៥០លាន​ដុល្លារ ជួយ​គាំទ្រ NASA ទៅភព​អង្គារ

  • 2019-09-23 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Scott Morrison នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី បាន​បង្ហាញ​នូវ​ទឹកប្រាក់​ប្រមាណ ១៥០លាន​ដុល្លារ សម្រាប់​ការវិនិយោគនៅក្នុងបច្ចេកវិទ្យាជួយគាំទ្រ​អង្គការ NASA ឆ្ពោះទៅភពព្រះចន្ទ និងភព​អង្គារ។ លោក​បញ្ជាក់​ដូច្នេះ​ក្នុងអំឡុងទស្សនកិច្ច​នៅអង្គការ​អវកាសនេះ កាលពីថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ​២០១៩កន្លងទៅ។

លោក​បន្ថែម​ថា ភ្នាក់ងារ​អវកាស​អូស្ត្រាលី នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ NASA ដើម្បី​កំណត់​ថាតើ​ពួកគេ​អាច​ជួយគាំទ្រ​ដ៏​ល្អ​បំផុត​នូវបេសកកម្មនេះយ៉ាងណាខ្លះ បន្ទាប់ពី​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​អំពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ។

ក្នុងជំនួប​គ្នាមួយ​កាលពីថ្ងៃទី២០កញ្ញា លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក Scott Morrison ក៏បាន​ពិភាក្សាគ្នា​ផងដែរ​អំពី​ការធ្វើការរួមគ្នា​ដើម្បី​អភិវឌ្ឍ​កម្មវិធី​អវកាស ដោយ​លោកត្រាំថ្លែងថា «យើង​កំពុង​ធ្វើកម្មវិធី​ដ៏អស្ចារ្យមួយ»។

ក្រោយ​ជំនួបនេះ លោក ដូណាល់ ត្រាំ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា ភព​ព្រះចន្ទ ពុំមែន​ជាភពដ៏គួរឱ្យ​រំភើប​ទៀតឡើយ ពោលគឺ​លោកសំដៅ​ថា បេសកកម្មបន្ទាប់​គឺ​ជាភពអង្គារ មិនមែន​ភពព្រះចន្ទ​នោះទេ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;