រដ្ឋលេខាធិការក្រសួងសាធារណការ៖ ការប្រែប្រួលអាកាសធាតុធ្វើឱ្យខូចខាតដល់ផ្លូវ និងស្ពាន
- 2019-10-09 02:35:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋលេខាធិការក្រសួងសាធារណការ៖ ការប្រែប្រួលអាកាសធាតុធ្វើឱ្យខូចខាតដល់ផ្លូវ និងស្ពាន
ចន្លោះមិនឃើញ
លោកស្រី ម៉ម រមនា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្តរវិស័យ ហើយវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលទទួលរងផលប៉ះពាល់តាមរយៈការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា។ ជាក់ស្ដែងទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ កំពត ពោធិសាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឱ្យផ្លូវថ្នល់ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍បណ្ដោះអាសន្ន។
លោកស្រីបញ្ជាក់ថា ការខូចខាតនេះ ធ្វើឱ្យរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាតិ ថវិកាជំនួយ និងកម្ចីពីអន្តរជាតិ ដើម្បីធ្វើការជួសជុល ស្ដារឡើងវិញ។
ការថ្លែងខាងលើនេះ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការសិក្សា និងការវិភាគលើផលចំណេញខាត (CBA) ខាងផ្នែកសេដ្ឋកិច្ចនៃការបញ្ជ្រាបការងារបម្រែបម្រួលអាកាសធាតុទៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងពីបរិបទនៃការប្រែប្រួលអាកាសធាតុ ប៉ាន់ស្មាននូវទំហំនៃផលប្រយោជន៍នៃគោលនយោបាយមួយដែលអាចផ្លាស់ប្តូរដោយការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់វិធីសាស្ត្រវិភាគចំណាយ និងផលចំណេញ បង្ហាញអំពីរបៀបនៃការផ្លាស់ប្តូរគោលនយោបាយដែលអាចបង្កើនផលចំណេញសុទ្ធ និងពិចារណាលើការរៀបចំសំណើថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន