មេទ័ពជើងគោកកម្ពុជា ទៅទស្សនកិច្ចការតាំងពិព័រណ៍សម្ភារយោធានៅកូរ៉េ
- 2019-10-17 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេទ័ពជើងគោកកម្ពុជា ទៅទស្សនកិច្ចការតាំងពិព័រណ៍សម្ភារយោធានៅកូរ៉េ
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍សំម្ភារយោធា នៅសាធារណរដ្ឋកូរ៉េ ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ នាយឧត្តមសេនីយ៍ សឺ វ៉ូក (Suh Wook) មេបញ្ជាការកងទ័ពជើងគោកកូរ៉េ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីឈានដល់ការបង្កើតទំនាក់ទំនងផ្លូវការមួយរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ហើយមេបញ្ជាការកងទ័ពជើងគោកកូរ៉េ បានលើកឡើងថា ប្រទេសកូរ៉េ និងកម្ពុជា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧០ និងជាមិត្តដ៏ល្អ។ កន្លងមកកងទ័ពកូរ៉េ តែងតែគាំទ្រ និងជួយដល់កងទ័ពកម្ពុជា លើការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងមធ្យោបាយសម្ភារ:មួយចំនួន។
មេបញ្ជាការកងទ័ពជើងគោកកូរ៉េ បានបញ្ជាក់ពីជំហររបស់កងទ័ពជើងគោកកូរ៉េ ក្នុងការបន្តជួយ និងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីបន្តទៀតទៅថ្ងៃអនាគត។ ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកងទ័ព និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រ និងជួយដល់ប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែកដល់កងទ័ពកម្ពុជាកន្លងមក។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយពេលទំនាក់ទំនងការទូតប្រទេសកម្ពុជា និងប្រទេសកូរ៉េ បានចាប់ផ្តើមបង្កើតឡើងវិញនៅឆ្នាំ ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទំនាកទំនងប្រទេសទាំងពីរបានរីកចំរើនលើគ្រប់វិស័យ ក្នងនោះវិស័យការពារជាតិ ជាវិស័យអាទិភាពមួយផងដែរ៕