កម្ពុជា-ប៊ុលហ្គារី ចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង​បច្ចេកទេស

  • 2019-10-17 01:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ​២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម តំណាង​រាជ​រដ្ឋាភិបាលកម្ពុជា បានចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ជាមួយ​លោក Emil Karanikolov រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច នៃ​សាធារណរដ្ឋប៊ុលហ្គារី ដើម្បីបង្កើនការទំនាក់ទំនង និងមិត្តភាពជាប្រពៃណីរវាងភាគីទាំងពីរ ជាពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

កិច្ចព្រមព្រៀងនេះ គឺពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរបស់ភាគីទាំងពីរ ដោយគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ ឧស្សហកម្ម កសិកម្ម សំណង់ ដឹកជញ្ជូន និងភ័ស្តុភារ (Logistics) បរិស្ថាន ថាមពល សុខាភិបាល ទូរគមនាគន៍ ព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ ធានារ៉ាប់រង វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងកិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។

ក្រៅពីនេះ វិស័យផ្សេងទៀតក៏នឹងត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ប៊ុលហ្គារី បានឯកភាពគ្នាលើវិធានសម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមផងដែរ ជាពិសេសការលើកទឹកចិត្តក្នុងការបង្កើតធុរកិច្ចថ្មី និងការពង្រឹងទំនាក់ទំនងធុរកិច្ចដែលមានស្រាប់ ដើម្បីជំរុញទំនាក់ទំនង និងដំណើរទស្សនកិច្ចទៅវិញទៅមក របស់ឯកជន និងសហគ្រិន រួមទាំងការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការចូលរួមក្នុងការតាំងបង្ហាញសាធារណៈ និងពិព័រណ៍អន្តរជាតិ ផ្តល់ការជួយគាំទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកតំណាងធុរកិច្ច កម្មវិធីសិក្ខាសាលាសន្និសីទវិទ្យាសាស្ត្រ និងកិច្ចប្រជុំនានា។

តាមរយៈការចុះកិច្ចព្រមព្រៀង​នេះ គេរំពឹងថា​នឹងជួយបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរថែមទៀត ខណៈដែលបច្ចុប្បន្នការធ្វើពាណិជ្ជកម្មនៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួនជាង ៣០លានដុល្លារ អាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅប៊ុលហ្គារីមានទឹកប្រាក់ ២៥លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៥,៥ លានដុល្លារអាមេរិក។

ជាមួយនោះដែរ រដ្ឋមន្ត្រីទាំងពីរបានឯកភាពនឹងបង្កើតជាក្រុមការងារចម្រុះមួយ ដើម្បីចូលរួមក្នុងការអនុវត្តអនុស្សរណៈនេះឲ្យមានប្រសិទ្ធភាព ដើម្បីផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

សូមជម្រាបថា ពិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងស្របគ្នានឹងដំណើរទស្សកិច្ចផ្លូវការរយៈពេល ២ថ្ងៃ របស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសូហ្វីយ៉ា (Sofia) សាធារណរដ្ឋប៊ុលហ្គារី៕

អត្ថបទ និងរូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;