មុន​បាត់ខ្លួន! នារី​អង់គ្លេស បាន​ប្រាប់​ប្អូនស្រី​ខ្លួន​អំពី​អារម្មណ៍​ពិត​ ពេល​ចូលរួម​ជប់លៀង​នៅកោះរ៉ុង

  • 2019-10-28 01:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារី​ជនជាតិអង់គ្លេសមួយរូប ឈ្មោះ Amelia Bambridge វ័យ២១ឆ្នាំ បាន​បាត់ខ្លួន ក្រោយ​ពេល​ចូលរួមពិធីជប់លៀង​មួយ​នៅឆ្នេរកោះរ៉ុង (Police Beach) កាលពី​ព្រឹកទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៩កន្លងទៅ។

ក្រោយ​ការ​បាត់ខ្លួន ប្អូនស្រីបង្កើត​របស់ Amelia Bambridge ដែលមាន​ឈ្មោះថា Georgie Bambridge (នៅអង់គ្លេស) វ័យ១៩ឆ្នាំ បាន​ប្រាប់សារព័ត៌មាន The Guardian ថា នាង​បាន​និយាយ​ទៅកាន់បងស្រី (អ្នកបាត់ខ្លួន) មុន​ Amelia ទៅចូលរួម​ពិធីជប់លៀង​នេះ។

Georgie បាន​ប្រាប់​ឱ្យដឹងយ៉ាងដូច្នេះថា៖ «គាត់ (Amerlia) បាន​ប្រាប់ខ្ញុំ​អំពីការធ្វើដំណើរ ដោយ​គាត់​មាន​អារម្មណ៍ថាទុកចិត្ត​ និង​សប្បាយ​ខ្លាំង។ គាត់​រំភើប​ក្រៃលែង​ដែល​ចូលរួម​ក្នុង​ពិធី​ជប់លៀងនេះ។ ឥឡូវបាត់ខ្លួនហើយ។ ប៉ូលិស​ចាប់ផ្តើម​ស្រាវជ្រាវលើអ្នកពាក់ព័ន្ធ​ក្នុងពិធីជប់លៀង​នេះ»។

Georgie បន្ត​ទៀតថា បងស្រី​ខ្លួន​មានគម្រោងធ្វើជាគ្រូបង្រៀន​ភាសាអង់គ្លេស នៅប្រទេស​វៀតណាម ដែល​ឪពុកខ្លួន កំពុង​ធ្វើការនៅទីនោះ​ផងដែរ។

សូម​ជម្រាប​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់លោក គួច ចំរើន អភិបាលខេត្ត បាន​បើក​ប្រតិបត្តិការ​តាម​ស្វែងរក​នារីជនជាតិ​អង់គ្លេស​ដែលបាន​បាត់ខ្លួន​ខាងលើនេះ កាលពីថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៩។

នៅចំពោះមុខ​នេះ លោក​អភិបាលខេត្ត​បានដាក់​បទ​បញ្ជាយ៉ាង​ម៉ឺងម៉ាត់ ឱ្យ​កម្លាំង​គ្រប់ផ្នែក​តាមរកនៅតាម​ទីតាំង​ផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាម​កន្លែងស្នាក់នៅ​នានានៅ​លើកោះរ៉ុង និង​កន្លែង​ដែលនារី​នោះ​បានទៅ​លេងរួមទាំង​ក្រុមមុជទឹក(diving)ផង ធ្វើយ៉ាង​ណារកឱ្យ​អស់លទ្ធភាព។

បើតាម​ការបង្ហោះ​នៅលើផេកហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹង​ថា នារីដែល​បាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE (ឬ Amelia Bambridge) កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិ​អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុង​កោះរ៉ុង នៅម៉ោង​៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់​កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបាន​ចូលស្នាក់​នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទី​យប់ ថ្ងៃខែឆ្នាំ​ដដែលក្នុងគោលបំណង​ទេសចរណ៍។

មុនបាត់ខ្លួនគេបានប្រទះឃើញ​នារីនោះលើកចុងក្រោយ​នៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀង​មួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់​ដំណឹងតែម្តង។ សមត្ថកិច្ចមូលដ្ឋាន​បានរកឃើញ​កាបូប និងសម្ភារៈមួយចំនួន​របស់នាង​នៅលើផ្ទាំងថ្ម​ជាប់ឆ្នេរ​ក្បែរកន្លែង​ធ្វើពិធីជប់លៀង​នោះផងដែរ។ ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាម​ស្វែងរកនារីរងគ្រោះ​ក្រោយទទួលដំណឹងភ្លាមៗពី​ការបាត់ខ្លួននេះ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;