កម្លាំងសន្តិសុខថៃ ធ្វើសមយុទ្ធត្រៀមការពារមេដឹកនាំពិភពលោក
- 2019-10-30 04:02:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្លាំងសន្តិសុខថៃ ធ្វើសមយុទ្ធត្រៀមការពារមេដឹកនាំពិភពលោក
ចន្លោះមិនឃើញ
កម្លាំងសន្តិសុខថៃ បានចាប់ផ្តើមធ្វើសមយុទ្ធកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅ Muang Thong Thani ក្នុងក្រុងបាងកក ជាទីកន្លែងដែលមេដឹកនាំពិភពលោក ក្នុងនោះរួមមានទាំងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផង នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាដើមខែវិច្ឆិកាខាងមុខនេះ។
ចុចអាន៖ សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសថៃ ចំនួន ៤ថ្ងៃ នៅចុងសប្តាហ៍នេះ
លោកឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon ដែលបានធ្វើជាអធិបតីក្នុងពីធីបើកការធ្វើសមយុទ្ធនេះ ក្នុងនាមជាមេសន្តិសុខជាតិ បាននិយាយថា លោកមានទំនុកចិត្តចំពោះប្រទេសថៃ ដែលត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបទៅនឹងហេតុការណ៍កើតឡើងណាមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ។
ការហ្វឹកហាត់នេះ ធ្វើជារបៀបឆ្លើយតបនឹងការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់ ព្រមទាំងប្រតិបត្តិការសង្គ្រោះ និងជម្លៀសមេដឹកនាំ និងភ្ញៀវដែលចូលរួមក្នុងកិច្ចប្រជុំ។ ក្រៅពីនេះ ក៏គេឃើញមានឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿងផងដែរ ចូលរួមក្នុងសមយុទ្ធនេះ ពោលគឺកម្លាំងសន្តិសុខ ហ្វឹកហាត់ចេញពីឧទ្ធម្ភាគចក្រចុះតាមខ្សែពួមកក្រោម។
កម្លាំងប៉ូលិស និងសន្តិសុខថៃ ប្រមាណ ១៧០០០នាក់ ដោយរួមមានទាំងកងកូម៉ង់ដូផងនោះ នឹងត្រូវចល័តដើម្បីការពារសន្តិសុខក្នុងកិច្ចប្រជុំកំពូលដែលចាប់ផ្តើមធ្វើឡើងនៅចុងសប្តាហ៍នេះ។
កិច្ចប្រជុំសំខាន់រួមមាន៖
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០
កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣៕