សមាជ​ច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែររួបរួម​ជាតិ នឹង​ធ្វើឡើងចុងខែនេះ

  • 2019-11-04 03:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្សខ្មែររួបរួមជាតិ នឹងធ្វើ​សមាជច្របាច់បញ្ចូលគ្នា​ទៅជាគណបក្សតែមួយ​នៅចុងខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ​នេះ។ ការច្របាច់​បញ្ចូលគ្នា​រវាង​គណបក្ស​រាជានិយម​ទាំងពីរនេះ គឺស្ថិតនៅ​ក្រោម​ដំបូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

តាមគម្រោង​អង្គសមាជ​នឹងផ្តល់សេចក្តីទុកចិត្ត​លើសម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យធ្វើជា​ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យដឹង​ថា បន្ទាប់ពី​ក្រុម​ការងារ នៃគណបក្ស​ទាំងពីរ​ជជែក​ពិភាក្សាគ្នា​រួច​ពីការបង្រួបបង្រួមគ្នា គឺសមាជ​ផ្លូវការនៃការច្របាច់បញ្ចូលគ្នានឹងធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ហើយទុកពេលឲ្យ​ក្រុមការងារជជែកពិភាក្សាគ្នាសម្រេចពីរឿងរចនាសម្ព័ន្ធ គោលនយោបាយ រួចរាល់អស់ហើយ ទើប​បានឈានដល់សមាជ។

លោកបាន​បញ្ជាក់ថា៖ «ការធ្វើ​សមាជ​ច្របាច់បញ្ចូលគ្នា​នេះ គឺយើង​ធ្វើខុស​ពីបីដង។ លើកមុនយើង​ចែក​កូតាគ្នា លើកនេះ​យើង​បានដាក់​គោលការណ៍​ប្រាំ​យ៉ាង ហើយយើង​មានក្រុមប្រឹក្សាវិន័យ យើងជាការ​សង្ឃឹមមួយ​ជឿជាក់​ថា វាមិនអាច​បែកបាក់​គ្នាទៀតទេ ព្រោះយើង​មាន​លក្ខន្តិកៈ បទ​បញ្ជា​ផ្ទៃក្នុង»។

លោក ញឹក ប៊ុនឆៃ បាន​អះអាង​ថា នៅក្នុង​ការធ្វើ​សមាជ​នាពេលខាងមុខ​នេះ គឺនឹង​ថ្វាយ​តួនាទី​ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច ដល់​សម្តេច​ក្រុម ព្រះនរោត្តម រណរឫទ្ធិ ដើម្បីដឹកនាំ។ ចំពោះក្បាលម៉ាស៊ីនផ្សេងទៀត មិនទាន់សម្រេចនៅឡើយទេ ដោយទុកឲ្យក្រុមការងារជជែកគ្នា ប៉ុន្តែជាគោលការណ៍អនុប្រធានគណបក្សមានតែពីររូបទេ។

នៅមុនការធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មេដឹកនាំនៃគណបក្សទាំងពីរ គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកញឹក ប៊ុនឆៃ បានជួបគ្នា ដើម្បីជជែកពិភាក្សាអំពីការបង្រួបង្រួមរវាងគណបក្សរាជានិយមទាំងពីរឲ្យទៅជាគណបក្សតែមួយ ស្ថិតនៅក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភោជនីយ៍ដ្ឋានមួយក្នុងរាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើការបង្រួបបង្រួមគ្នាឡើងវិញរវាងអ្នករាជានិយម និងអ្នកសីហនុនិយមនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយបានសម្រេចបង្កើតគណៈកម្មការដោយម្ខាងមានសមាសភាពចំនួនបីរូប ដើម្បីពិនិត្យលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង រួមទាំងគោលការណ៍មួយចំនួនទៀត ដើម្បីជៀសវាងកុំឲ្យបញ្ហាដូចលើកមុនៗ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;