Microsoft ប្រទះ​ឃើញ​រឿង១​មិន​គួរ​ឲ្យ​ជឿ ក្រោយ​ឲ្យ​បុគ្គលិក​ធ្វើការ​តែ​៤ថ្ងៃ​ក្នុង​១សប្ដាហ៍

  • 2019-11-05 09:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Microsoft នៅ​ជប៉ុន បាន​ពិសោធ​ទម្រង់​ការងារ​ថ្មី​មួយ ដោយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ឈប់​សម្រាក​ចំនួន ៣​ថ្ងៃ​ក្នុង​១​សប្ដាហ៍ ក្រោម​ហេតុផល​ជំរុញ​តុល្យភាព​នៃ​ជីវិត​ការងារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ទម្រង់​ថ្មី​នេះ​ មាន​រយៈពេល​សាកល្បង​ត្រឹម​១​ខែ​ប៉ុណ្ណោះ​គឺ​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ​មាន​បុគ្គលិក​ចំនួន ២៣០០​នាក់​បាន​ចូលរួម។

ជា​លទ្ធផល​ Microsoft បាន​រក​ឃើញ​ថា ទម្រង់​ថ្មី​នេះ​អាច​​បង្កើន​ផលិតភាព​​ការងារ​បាន​ដល់​ទៅ ៣៩,៩%​ឯណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨។ Microsoft បាន​​ឲ្យ​ដឹង​ទៀត​ថា បុគ្គលិក​របស់​ខ្លួន​បាន​ប្រើប្រាស់​​អគ្គិសនី​តិច​ជាង​មុន​ចំនួន ២៣,១% ដែល​នេះ​គឺ​ជា​ការ​សន្សំ​សំចៃ​ថែម​ទៀត​សម្រាប់​ក្រុមហ៊ុន។

នៅ​អំឡុង​កំណែ​ទម្រង់​ថ្មី​នេះ ការងារ​ទាំង​អស់​ត្រូវ​បាន​បញ្ចប់​ដូច​ថ្ងៃ​ដែល​ធ្វើការងារ​​៥​ថ្ងៃ​ក្នុង​១​សប្ដាហ៍​អ៊ីចឹង​ដែរ តែ​​ចំនួន​ការ​ប្រជុំ​ត្រូវ​បាន​កាត់​បន្ថយ ឬ​បង្រួម​ពេល​​ឲ្យ​ខ្លី ឬ​ជួនកាល​អាច​ប្រើ​ជា​មធ្យោបាយ​ប្រជុំ​តាម​រយៈ​អ៊ីនធឺណិត​ជំនួស​ក៏​មាន។ បុគ្គលិក​ចំនួន ៩២,១% បាន​និយាយ​ថា ពួក​គេ​ពេញ​ចិត្ត​​នឹង​ការ​អនុវត្ត​ថ្មី​នេះ។

ព្រោះ​ទទួល​បាន​ជោគជ័យ​នឹង​គម្រោង​ខាង​លើ ក្រុមហ៊ុន Microsoft នៅ​ជប៉ុន នឹង​​អនុវត្ត​កំណែ​ទម្រង់​នេះ​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ តែ​មិន​ប្រាកដ​ថា​ធ្វើ​ឡើង​នៅ​ចំ​ខែ​សីហា​ទៀត​នោះ​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;