គណៈកម្មការ​បំភ្លឺពីការតម្កល់និងថែរក្សា ទូក ង វែងជាងគេលើពិភពលោក

  • 2019-12-11 02:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោកបានឲ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយអំពីការតម្កល់និងការថែរក្សាទូកងវែងជាងគេលើពិភពលោក «កម្ពោជិកបុត្តាខេមរាតរី» ក្នុងន័យថា គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកងដើម្បីបំបែកឯតទគ្គកម្មពិភពលោកមិនយកចិត្តទុកដាក់មើលថែររក្សាទុក។ ករណីនេះ គណៈកម្មការ​បាន​បញ្ជាក់​ដូចតទៅ៖

១. គណៈកម្មការ បានជម្រាបជូនជារឿយៗហើយថា ទូកងវែងជាងគេលើពិភពលោកនេះ នឹងរៀបចំទីតាំងតម្កល់យ៉ាងស័ក្តិសមបំផុតនៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី ហើយគណៈកម្មការក៏បានរៀបចំប្លង់សាងសង់ទីតាំងរួចរាល់ហើយដែរ ដែលគម្រោងនេះមិនមានការប្រែប្រួលឡើយ។

២. តាមផែនការឆ្នាំនេះ គណៈកម្មការគ្រោងរំកិលទូកពីទីតាំងរក្សាបណ្តោះអាសន្នបច្ចុប្បន្ន ទៅទីតាំងក្នុងសាលាខេត្ត ដែលកំពុងសាងសង់ថ្មី ក៏ប៉ុន្តែទី១ ការសាងសង់អគាររដ្ឋបាលសាលាខេត្តពុំទាន់រួចរាល់។ ទី២ ឆ្នាំនេះកម្ពស់ទឹកនៅមុខសាលាខេត្តទាបពេកឆាប់ហក់ឡើងហើយក៏ឆាប់ស្រកចុះទៅវិញ ស្ថានភាពបែបនេះមិនអំណោយផលដល់ការចល័តទូកចេញពីរោងបណ្តោះអាសន្ននោះឡើយ។

៣. គណៈកម្មការ សូមទទួលស្គាល់ថា ស្ថានភាពរោងបណ្តោះអាសន្នសព្វថ្ងៃ ឆ្លុះធ្លាយដំបូលដោយអន្លើរប្រាកដមែន សភាពនេះបណ្តាលមកពីរោងទូកលិចទឹក និងអាកាសធាតុកន្លងទៅដែលកម្ពុជាយើងទទួលរងសម្ពាធជាបន្តបន្ទាប់នាំឱ្យខ្យល់ភ្លៀងប៉ះពាល់ដល់រោងទូក។ កាលពីសប្តាហ៍មុន គណៈកម្មការបានសម្រេចគម្រោងថវិកាដើម្បីជួសជុលរោងទូករួចរាល់ហើយ ដោយរង់ចាំទឹកស្រក និងសួតដីបន្តិច ទោះជាបែបនេះក្តីគណៈកម្មការក៏បានចាត់ចែងក្រុមការងារចុះជួសជុលរោង និងសំអាតទីតាំងនោះបណ្តើរៗហើយ ដោយកំណត់ថាក្នុងសប្តាហ៍នេះក្រុមការងារនឹងចាប់ផ្តើមរៀបចំឡើងវិញទាំងស្រុង។

គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ចាត់ទុកការលើកឡើង ដោយភ្ជាប់នូវសំណូមពរខ្លះៗពីសំណាក់សាធារណជន និងមិត្តអ្នកសារព័ត៌មាន គឺជាការយកចិត្តទុកដាក់តាមដាន និងឈឺឆ្អាលប្រកបដោយមនសិការលើកកម្ពស់សមិទ្ធផលជាតិនិងវប្បធម៌ជាតិក្នុងស្មារតី«រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។ ជាថ្មីម្តងទៀតគណៈកម្មការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមតាមដាន ការផ្តល់ព័ត៌មាន ការផ្តល់មតិ និងយោបល់កែលម្អផ្សេងៗ។

គួរបញ្ជាក់ថា ទូក ង វែងជាងគេប្រវែងជិត ១០០ម៉ែត្រ របស់កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ទូក ង មានប្រវែងបណ្តោយសរុប ៨៧.៣០ម៉ែត្រ ទទឹងធំបំផុតប្រវែង ១.៩៤ម៉ែត្រ និងជម្រៅទូក ០.៨០ ម៉ែត្រ កម្រាស់ឈើសាច់ទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះទូកបានចំនួន ១៧៩ នាក់។ ទូក ង នេះធ្វើពីឈើគគីរ ចំនួន ៦ដើម ហើយក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយត្រូវបានឆ្លាក់ជាកន្ទុយហង្ស។ ការផលិត បានប្រើប្រាស់រយៈពេលចំនួន ១៩២ថ្ងៃ ដោយមានប្រជាពលរដ្ឋចូលរួមផលិតមានប្រមាណ ១៤.២៦៣នាក់ ។ ទូក ង នេះ ត្រូវបានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;