Air Asia គ្រោង​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា

  • 2020-01-10 02:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍ Air Asia គ្រោង​បង្កើត​ក្រុមហ៊ុនរបស់​ខ្លួន​នៅ​កម្ពុជា ដោយ​ដាក់ឈ្មោះថា Cambodia Air Asia។ គោល​បំណង​បង្កើត​ក្រុមហ៊ុន​នេះ ត្រូវ​បាន​លោក Bo Lingam ប្រធាន​ក្រុមហ៊ុន Air Asia យក​ទៅ​ពិភាក្សា​ជាមួយ​លោក​នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី៩ ខែមករា។

Bo Lingam ប្រធាន​ក្រុមហ៊ុន Air Asia (ឆ្វេង) ក្នុងជំនួបជាមួយ​លោក​នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល)
ក្នុងជំនួបពិភាក្សានោះ លោក Bo Lingam បានលើកឡើងថា ដោយមើលឃើញពីវិស័យអាកាសចរណ៏ កាន់តែរីកចម្រើនជាលំដាប់ និងភ្ញៀវទេសចរណ៍​មានកំណើនឱ្យកត់សំគាល់ ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៏សំបុត្រថោក (Low Cost Carrier -LCC) មានយន្តហោះច្រើនជាងគេបំផុតនៅអាស៊ី និងហោះទៅកាន់គោលដៅចំនួន ១៦៥ ជុំវិញពិភពលោក ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia។

ជាការឆ្លើយតប លោកនាយឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្វាគមន៍​នូវបំណងក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍​សំបុត្រ​ថោក (Low Cost Carrier -LCC) ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ីសម្រាប់ការវិនិយោគបរទេស។

លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានណែនាំឱ្យតំណាងក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៏អនុញ្ញាតិ ទៅប្រមុខរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;