អូស្ត្រាលី នឹង​បន្តជួយ​កម្ពុជាលើ​ការបោសសម្អាតមីន ប្រជាធិបតេយ្យ និង​លើកកម្ពស់​អ្នក​នយោបាយ​វ័យក្មេង

  • 2020-02-06 06:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ​លោក ប៉ាប្លូ ជីហូ កាង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០។

បន្ទាប់ពីចប់ជំនួបពិភាក្សា លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច​ប្រធាន​រដ្ឋសភា មានប្រសាសន៍​ឲ្យដឹងថា នៅក្នុង​ជំនួប​នោះ ​លោក ប៉ាប្លូ ជីហូ កាង បាន​ជម្រាបសម្តេច ហេង សំរិន ថាបេសកកម្មការទូតរបស់​លោក នៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហការការទូត រវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ឲ្យកាន់រឹងមាំបន្តទៀត។

លោកឯកអគ្គរដ្ឋទូត​បានបញ្ជាក់ទៀតថា កម្ពុជា និងអូស្ត្រាលី មានកិច្ចសហការលើគ្រប់វិស័យ រួមាន វិស័យសុខាភិបាល កសិកម្ម អភិវឌ្ឍន៏បទ អប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងជួយជំនួយលើវិស័យបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌសល់ពីសង្គ្រាម ជាពិសេសអូស្ត្រាលី បន្តជំនួយដល់កម្ពុជាលើគម្រោង​បោសសំអាតគ្រាប់មីន តាមផែនការកម្ពុជាឆ្នាំ២០២៥ គ្មានគ្រាប់មីន និងកិច្ចសហការផ្នែកអភិបាល កិច្ចល្អ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងលើកកម្ពស់អ្នកនយោបាយវ័យក្មេង។

ជាការឆ្លើយតបសម្តេច ហេង សំរិន មានប្រសាសន៍បញ្ជាក់ថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការជាមួយគ្នាជាយូរយាមកហើយ ។ នាពេលបច្ចុប្បន្នប្រទេសទំាងពីរ បានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងគ្នាកាន់ តែមានភាពជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ។

សម្តេចប្រធានរដ្ឋសភាកម្ពុជាបានចាត់ទុក បេសកកម្មការទូតរបស់​ឯកអគ្គរដ្ឋទូតនៅកម្ពុជា មានសារៈសំខាន់ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការបន្តរឹតបន្តឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា បានស្នើរដ្ឋាភិបាលអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេសអូស្ត្រាលី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;