ប្រមុខរដ្ឋ​ឡាវ សរសើរ​ថា ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​មាន​ភាព​ល្អប្រសើរ

  • 2020-02-10 01:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៊ុនញ៊ុំាង វរជីត អគ្គលេខា​បក្ស និង​ជាប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ថ្លែងថា ក្នុង​រយៈពេល​ ២ឆ្នាំ​កន្លងមក​នេះ លោក​បានមក​កម្ពុជា ហើយបាន​សង្កេតឃើញថា​ ប្រទេសកម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ជាទី​បំផុត ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​វិញ ក៏មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​ផងដែរ។ លោក​ថ្លែងដូច្នេះ ​ក្នុង​ជំនួប​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២០។

លោក​លើកឡើង​ថា ជារៀង​ដរាប​មក កម្ពុជា និង​ឡាវ​ជា​មិត្តជិត​ស្និត​ជា​ទីបំផុត ហើយក៏​ជាមិត្ត​ដែលបាន​ជួយគ្នា​ទៅវិញទៅ​មក ក្នុង​ន័យ​នេះ គឺបាន​បង្ក​នូវ​លក្ខណៈ​ឲ្យប្រទេសទាំងពីរ​ជាប្រទេសភូមិ​ផងរបង​តែមួយ ជាប្រទេស​ជិតខាងដ៏ល្អ ហើយក៏​ជាប្រទេស​ដែលមាន​កំណើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​កាន់តែ​កើនឡើង​ល្អ ជាងនេះ​ទៀត​ក៏មាន​សុវត្ថិភាព​ល្អផងដែរនៅតាមព្រំដែន។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពនិង បានវាយតម្លៃខ្ពស់អំពីទំនងល្អរវាងប្រទេសទាំងពីរដែលបានលើកឡើងដោយ​លោក ប៊ុនញ៉ាំង វរជីត ហើយ សម្ដេចតេជោ បានលើកទឹកចិត្តធ្វើយ៉ាងណាយើងគម្បីជំរុញឲ្យទំនាក់ទំនងល្អនេះកាន់តែស៊ីជម្រៅថែមទៀត ស្របតាមអ្វីដែលភាគីទាំងពីរ​បានចុះហត្ថលេខាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង។

ជាងនេះទៅទៀត សម្ដេចតេជោបានមានប្រសាសន៍ ថា គប្បីណាតាមព្រំដែនអាជ្ញាធរដែនដីទាំងសងខាងដែលបានដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមានកម្មវិធីកីឡារួមគ្នាផង ដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនេះឈានដល់ការដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។

ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាមិនត្រឹមតែអាជ្ញាធរដែនដីទេ ក័ងទ័ពនៃប្រទេស​ទាំងពីរ ក៏គប្បីដែលជំរុញទំនាក់ទំនង់ឲ្យបានកាន់តែជិតស្និតផងដែរ ព្រោះកាលណាមានភាពជិតស្និតហើយទោះបីមានរឿងអ្វីក៏អាចដោះស្រាយ និង ពិភាក្សាគ្នាបានដែរ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;