លោក ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាតូច ប៉ុន្តែមានបេះដូងធំ

  • 2020-02-24 04:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច បាន​ថ្លែង​បញ្ជាក់ថា ប្រទេសកម្ពុជាតូច ប៉ុន្តែយើងមានបេះដូងធំធ្វើការដោយយកចិត្តទុកដាក់។ នេះ​គឺ​ជា​ការសំរេចចិត្តរបស់សម្ដេច ហ៊ុន សែន ដោយឈរលើគោលការណ៍មនុស្សធម៌ និងគុណធម៌ ចំពោះ​មនុស្ស​ជាតិគ្រប់ជាតិសាសន៍ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​កំពុង​តែ​ជួប​បញ្ហា​នៅ​លើ​មហាស​មុទ្រ។ ការបញ្ជាក់នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បញ្ចូល​សមាជិក​សមាគ​មគ្រូ​ពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេច​ (TYDA) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ។

ចូលយើងសាកគិតមើលបន្តិចមើល! តើ​គួរ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ដែល​មនុស្ស​នៅ​លើ​នាវា​នៅ​លើ​មហា​សមុទ្រ​កំពុងតែជួបបញ្ហា ហើយ​ត្រូវបានប្រទេសមួយចំនួនគេរើសអើងមិនជួយ និង​មិន​អនុញ្ញាត​ឲ្យ​នាវានេះចូលចត? តើជីវិតរបស់មនុស្សនៅលើនាវាទៅជាយ៉ាងណា? នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌ និងគោលការណ៍គោរពសិទ្ធិមនុស្ស ដែលផ្ទុយពីមនុស្សមួយចំនួនមានភាពខ្លាចជ្រុល ដែល​នាំឱ្យមានការរើសអើង និងបាត់ម្ចាស់ការចំពោះការជួយសង្គ្រោះជីវិតមនុស្ស។

លោក ហ៊ុន ម៉ាណែត បានបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច (TYDA) គឺ​ជា​យន្តការ​ប្រមូល​ធាតុផ្សំចំពោះអ្នកដែលមានទឹកចិត្តមកពីប្រភពផ្សេងគ្នាដើម្បីធ្វើឲ្យ TYDA មាន​លទ្ធភាព​ជួយ​យក​ចិត្ត​ទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋព្រមទាំងផ្ដល់ក្តីសង្ឃឹម ស្នាម​ញញឹម​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ភាពនៅតាមគោលដៅតាមរយៈការចុះព្យាបាលពួកគាត់ដោយឥតគិតថៃ្ល។

លោក ហ៊ុន ម៉ាណែត ក៏​បាន​អរគុណចំពោះការចូលរួម និង​ការ​ជឿ​ទុក​ចិត្ត​លើ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច (TYDA) និងបានធ្វើសកម្មភាពមនុស្សធម៌ដោយបេះដូង និង​វិជ្ជាជីវៈ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​និរន្តរ​ភាព។ នេះគឺជាមោទនភាព និងក្តីសង្ឃឹមរបស់សមាគមTYDA។ សូម​បន្ត​សកម្មភាព​មនុស្ស​ធម៌​នេះប្រកបដោយបេះដូង ទឹកចិត្ត និងវិជ្ជាជីវៈ ជា​បន្ត​ទៀត​ដើម្បី​ជួយ​ប្រជាពរដ្ឋ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ កុសល

;