លីគបាល់ទាត់ដទៃប្រកាសផ្អាក ឬប្រកួតបិទទ្វារនៅឡើយតែ Premier League

  • 2020-03-10 08:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នៅតែបន្តប្រកួតនិងអនុញាតិឲ្យអ្នកគាំទ្រចូលក្នុងកីឡដ្ឋានដដែលដូចធម្មតា ខណៈវីរុស COVID-19 ផ្ទុះឡើងរហូតដល់លីគនៅប្រទេសអឺរ៉ុបៗផ្សេងបានផ្អាក ឬប្រកួតដោយបិទទ្វារជាដើម។

ពានរង្វាន់ Premier League /រូបថត៖ PL
បើយោងប្រភពពីសារព័ត៌មានអង់គ្លេសនានាបានចុះផ្សាយថា លីគបាល់ទាត់ដ៏ពេញនិយម និងសកម្មភាពកីឡាករនានានៅប្រទេសមួយនេះ មិនបានប្រកាសផ្អាក ឬប្រកួតបិទទ្វារមួយប្រកួតណានោះទេ។ ជាក់ស្តែងការប្រកួតពានលីគ គូចុងក្រោយគេយប់មិញនេះនៅកីឡដ្ឋាន King Power Stadium ពេលប្រកួតរវាងក្រុម Leicester City ទល់នឹង Aston Villa មានអ្នកគាំទ្រទៅទស្សនាផ្ទាល់ចំនួន ៣ ២១២៥ នាក់។

យ៉ាងណា Premier League ក៏បានប្រកាសវិធានការនៃការពារជំនួសវិញ ពោលគឺ ហាមមិនឲ្យមានការចាប់ដៃស្វាគមន៍គ្នារវាងក្រុមទាំងពីរមុនការប្រកួតទៀតទេ ដើម្បីជៀសវាងខ្លាច​ឆ្លង​វីរុស COVID-19 ។ វិធានការនេះ នឹងអនុវត្តរហូតដល់ស្ថានភាពវីរុសរាងអន់ថយបន្តិច។

ខណៈដែលសកម្មភាពនានារបស់ក្លឹបក៏បានអនុវត្តផ្សេងៗគ្នាដើម្បីការពារមានដូចជា ក្រុមកំពូលតារាង Liverpool បានផ្អាកសកម្មភាពមិនឲ្យមានវត្តមាន mascots (តុក្តាតំណាងក្លឹប) ចាប់ដៃនិងអោបកីឡាករមុនចូលប្រកួត។

ក្លឹប Southampton ហាមមិនឲ្យកីឡាករថតរូប selfie ជាមួយអ្នកគាំទ្រ។ អ្នកចាត់ការក្រុម Newcastle ឈប់ឲ្យកីឡាករចាប់ដៃគ្នាពេលព្រឹកហ្វឹកហាត់ ចំណែកអ្នកចាត់ការរបស់ West Ham លោក David Moyes បានឲ្យកូនក្រុមក្តាប់ដៃ (fist bumping) ប៉ះគ្នា ជំនួសឲ្យការចាប់ដៃ។

តួលេខចេញពីវិបសាយ worldometers.info ដែលបានអាប់ដែតថ្មីៗនិងជាក់លាក់ពីវីរុសកូរ៉ូណា បានបង្ហាញថា ចក្រភពអង់គ្លេស តេស្តរកឃើញមានមនុស្សផ្ទុកវិជ្ជមានសរុបចំនួន ៣២១ ករណីមានអ្នកស្លាប់ ៨ នាក់និងអ្នកព្យាបាលជាសះស្បើយចំនួន ១៨ នាក់៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;