សម្តេច ស ខេង៖ រាជរដ្ឋាភិបាល​មានតែជម្រើសមួយគត់ បើ​សង្ស័យថាពលរដ្ឋណាម្នាក់ផ្ទុកកូវីដ១៩

  • 2020-03-26 06:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា​ សម្រាប់​ប្រជាពលរដ្ឋ​ដែលមានការសង្ស័យថា​ផ្ទុកជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅតែពីការ​នាំពួកគាត់​យកទៅដាក់​ឱ្យនៅដាច់ដោយឡែក​ដើម្បី​តាមដាន និង​ពិនិត្យ​ព្យាបាល​ឡើយ។

ការថ្លែង​ខាងលើ​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២០។

សម្តេច​ក្រឡាហោម​បន្តថា សម្រាប់ការដោះស្រាយបញ្ហានេះ ក្រៅតែពីមន្ទីរពេទ្យរដ្ឋដែលមានស្រាប់ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យអភិបាលខេត្តនានា រៀបចំទីកន្លែងសម្រាប់ការស្នាក់នៅដោយឡែក និងការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋរួចនៅតាមទីរួមខេត្តនីមួយៗ ដោយយកអគារសាលារៀន មជ្ឈមណ្ឌលរដ្ឋ និងសណ្ឋាគារមួយចំនួន។

សម្ដេច ស ខេង បានបន្ថែម​ថា វិធានការចំបាច់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ គឺការកាត់បន្ថយការទំនាក់ទំនង និងជួបជុំគ្នារវាងពលរដ្ឋ និងពលរដ្ឋ ហើយមិនមែនតែប្រទេសផ្សេងទេ កម្ពុជាក៏បានអនុវត្តដែរ ដូចជាការបិទសាលារៀន បិទក្លឹបកំសាន្ត ខារ៉ាអូខេ និងទីកំសាន្តផ្សេងៗ ការផ្អាករៀបចំកម្មវិធីសាសនា កិច្ចប្រជុំ និងព្រឹត្តិការជួបជុំនានា ព្រមទាំងបានដាក់ចេញវិធានការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយៈគ្រប់មធ្យោបាយទាំងតាមបណ្ដាញទូរទស្សន៍ វិទ្យុ វេបសាយ និងតាមរយៈការចាក់មេក្រូចល័តតាមភូមិ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

;