ឃើញ​ពលរដ្ឋ​ពិបាក​រក​លុយ​ដោយ​សារ Covid-19 ខាត់ សុឃីម ប្រកាស​ចុះ​តម្លៃ​ផ្ទះ​ជួល ៥០%

  • 2020-03-26 11:51:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 87

ចន្លោះមិនឃើញ


អ្នក​នាង ខាត់ សុឃីម នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ការ​ប្រកាស​ដោយ​សម្រេច​ចិត្ត​បញ្ចុះ​តម្លៃ​ឈ្នួល​ផ្ទះ​ជួល​របស់​នាង​ដល់​ទៅ ៥០% ពី​តម្លៃ​បច្ចុប្បន្ន នា​អំឡុង​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​បាន និង​កំពុង​វាយ​ប្រហារ​ដោយ​មេរោគ​រលាក​សួត​ថ្មី Covid-19 ដែល​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អតិថិជន និង​អ្នក​គាំទ្រ​នាង​ត្រេកអរ និង​សាទរ​យ៉ាង​ខ្លាំង។

តម្លៃ​ពេញ​នៃ​ផ្ទះ​ជួល​របស់​តារា​ប្រជាប្រិយ​កាល​ពី​មុន​គឺ​មាន​តម្លៃ ៣០-៣៥ដុល្លារ ឥឡូវ​នេះ​អ្នក​នាង ខាត់ សុឃីម សម្រេច​បញ្ចុះ​តម្លៃ ៥០% ដោយ​នៅ​សល់​ត្រឹម​តែ ១៥ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​បន្ទប់ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។តារា​ស្រី​មាន​ជំនាញ​ភ្លេង​បុរាណ បាន​ប្រាប់​ថា អ្នក​នាង​ធ្លាប់​ឆ្លង​កាត់​ជីវិត​តស៊ូ​ពី​ក្រក្រី ទើប​យល់​ថា បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ធូរធារ​នោះ​វា​លំបាក​យ៉ាង​ម៉េច។

នៅ​ក្នុង​ស្ថានភាព​នេះ ជា​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​រាំង​ខ្ទប់​ដោយ​ជំងឺ Covid-19 ទៀត​សោត សុឃីម លើក​ឡើង​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន ពិសេស​បង​ប្អូន​កម្មករ​រឹត​តែ​មាន​ការ​លំបាក​ខ្លាំង ទើប​អ្នក​នាង​មិន​អាច​បិទ​ភ្នែក យក​មាន​តែ​ម្នាក់​ឯង​កើត។ "ខ្ញុំ​ឃើញ​ស្ថាន​ភាព​យើង​រាល់​ថ្ងៃ​នេះ មនុស្ស​រក​លុយ​អត់​អី​បាន​ទេ អីចឹង​បើ​យើង​រក​ស៊ី​ដូច​ជំរិត​គ្នា​ក៏​អត់​កើត​ដែរ ដូច្នេះ​យើង​ចែក​គ្នា​រស់​ទៅ បន្ទប់​ជួល​ខ្ញុំ​តម្លៃ ៣០-៣៥ដុល្លារ ចុះ​នៅ​ត្រឹម ១៥ដុល្លារ​ៗ​ទេ ចែក​គ្នា​រស់​ទៅ!”។

ចំពោះ​សេចក្ដី​សម្រេច​នេះ ចាប់​ផ្ដើម​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​នេះ​ត​ទៅ ក្នុង​នោះ​អ្នក​ស្រុក​ភ្នំបាសិត​បាន​បញ្ជាក់​ថា ការ​ចុះ​តម្លៃ​នេះ សម្រាប់​គ្រប់​អតិថិជន​តែ​ម្ដង ពោល​គឺ​អ្នក​មក​ជួល​នៅ​ថ្មី​ចាប់​ពី​ពេល​នេះ​ទៅ​ក៏​តម្លៃ ១៥ ដុល្លារ។ សម្រាប់​អតិថិជន​ចាស់​ដែល​បាន និង​កំពុង​ជួល​ស្នាក់​នៅ ក៏​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​នេះ​ដូច​គ្នា នា​អំឡុង​នៃ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 នេះ។ បញ្ហា​នេះ សុឃីម ប្រាប់​ថា អតិថិជន​សប្បាយ​ចិត្ត​ណាស់។

"ហ្នឹង​ហើយ...គ្រាន់​តែ​លឺ​ថា​យើង​ចុះ​តម្លៃ​អីចឹង គ្នា​អរ​ណាស់ ខ្លះ​តេ​មក...ចុះ​គ្នា​អត់​ចំណូល​នោះ ដល់​បាន​បន្ទប់​ចុះ​ថ្លៃ​ធូរ​អីចឹង គ្នា​អរ​ណាស់!”។ ខាត់ សុឃីម ថ្លែង។

បន្ទប់​ផ្ទះ​ជួល​របស់ ខាត់ សុឃីម មាន​ទីតាំង​នៅ​ម្ដុំ​លូ ៥ ខាង​ក្រោយ​ធនាគារ​វឌ្ឍនៈ។ ផ្ទះ​នេះ​នាង បាន​ចំណាយ​ថវិកា​សាង​សង់​អស់​ប្រមាណ ១០ម៉ឺន​ដុល្លារ​អាមេរិក​ មាន​ចំនួន ៣៦​បន្ទប់ និង​ទើប​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ប៉ុណ្ណោះ។ មក​ដល់​បច្ចុប្បន្ន បន្ទប់​ជួល​ត្រូវ​បាន​ជួល​ស្ទើរ​អស់ ជា​រួម​មាន​ចេញ​ចូល​ជា​ធម្មតា​រៀងរាល់ថ្ងៃ​​ខែ។

ខាត់ សុឃីម អះអាង​ថា អគារ​ផ្ទះ​ជួល​របស់​នាង​កម្ពស់ ៣ជាន់ ទើប​សាង​សង់​រួច មាន​បទដ្ឋាន​ល្អ ពោល​គឺ​បន្ទប់​ស្អាត មាន​កាមេរ៉ា​សុវត្ថិភាព មាន​របង មាន​កន្លែង​ដាក់​ម៉ូតូ ព្រម​ទាំង​មាន​ម៉ោង​ចេញ​ចូល​ត្រឹម​ត្រូវ។ ត្បិត​ថា​បន្ទប់​ជួល​នាង ស្អាត​ប៉ុន្តែ​ការ​រស់​នៅ​របស់​ម្ចាស់​ផ្ទះ​ជួល​ខ្លះ នៅ​មាន​បញ្ហា​អនាម័យ​ ដូច្នេះ​ក្រោយ​ពី​សម្រេច​បញ្ចុះ​តម្លៃ​ជូន អ្នក​នាង​គ្រោង​នឹង​ដាក់​កម្រិត​អោយ​អ្នក​នៅ​ទាំង​អស់ ជួយ​រក្សា​អនាម័យ​ស្អាត​ដើម្បី​សោភណ្ឌភាព សុខភាព​ល្អ​ទាំង​អស់​គ្នា៕

អត្ថបទ៖ ទារិកា

;