ជប៉ុន គ្រោងទទួលពលករជំនាញថែទាំអគារពីបរទេសជាង ៣ម៉ឺននាក់ និងកំពុងសម្លឹងមើលកម្ពុជា

  • 2020-03-27 02:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ


ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣ម៉ឺននាក់ នាពេលខាងមុខនេះ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

លោក ហ៊ីរ៉ូស្សី បានមាន​ប្រសាសន៍ មកដល់ពេលនេះ សមាគមថែទាំអគារជប៉ុនរបស់លោកមានសមាជិកប្រមាណជាង ២៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១លាននាក់់។

លោកបានបន្ថែមទៀតថា ដោយសារប្រទេសជប៉ុនកំពុងពើបប្រទះនឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជាសមាគមរបស់លោក ត្រូវការជ្រើសរើសកម្លាំងពលកម្មពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន។ បើតាមការវាយតម្លៃរបស់សមាគម ជំនាញថែទាំអគារនេះមានតម្រូវការដល់ទៅប្រមាណ ៩០ម៉ឺននាក់ ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣ម៉ឺននាក់។

ការលើកឡើងនេះត្រូវ​បាន​លោករដ្ឋមន្ត្រី អ៉ិត សំហេង សម្ដែងការគាំទ្រយ៉ាងខ្លាំង ដោយបានប្រគល់ការងារទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យ​សហការ​ជាមួយសមាគមថែទាំអគារជប៉ុនឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ប្រលងតេស្ត និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន​។

ចំពោះទីតាំងសម្រាប់ការប្រលងតេស្ត ត្រូវបានឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីផ្ដល់ជម្រើសចំនួន ២គឺ៖

ទី១. សមាគមអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្ត ក្នុងនោះក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន ៥កន្លែង។

ទី២. សមាគមថែទាំងអគារជប៉ុនអាចសហការជាមួយក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងតេស្តសមត្ថភាព។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ដែលធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត៕

អត្ថបទ៖ ម៉េងងី

;