សមត្ថកិច្ច​ដកហូត​មេតាណុលជាង ២៤០លីត្រ ក្នុងពេលចុះ​ឆែកឆេរ​កន្លែង​លក់អាល់កុល​នៅភ្នំពេញ

  • 2020-03-27 03:38:32
  • ចំនួនមតិ 2 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចកា​រប្រកួត​ប្រជែង និង​បង្រ្កាប​ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដោយមានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំរថយន្តពិសោធន៍ចល័ត ចំនួន២គ្រឿង ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានា រួមមាននៅម្តុំផ្សារអូឡាំពិក ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអន សែនសុខ ក្នុងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដើម្បីស្វែករកនូវផលិតផលម៉ាស និងអាកុលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ជូនដល់ប្រជាពលរដ្ឋឆ្លៀតឱកាស ដែលវីរុសកូវីត១៩ (COVIT-19) កំពុងរីករាលដាល។

ក្នុងសកម្មភាពនេះដែរ មន្រ្តីជំនាញបានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅជុំវិញផ្សារអូឡាំពិក និងបានដកហូត មេតាណុល ចំនួន២៤៤,៨លីត្រ។ បន្ទាប់មក មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាកុល និងជែលលាងដៃនេះ ឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព របស់យើងពេលប្រើប្រាស់នោះ។

ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ សូមមេត្តាកុំលក់មានតម្លៃ ហួសប្រមាណ ហើយក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាត កំចាត់មេរោគ ឬបង្ការវីរុស Covid-19៕

;