គោលនយោបាយសំខាន់ៗ របស់គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
- 2017-05-25 08:18:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោលនយោបាយសំខាន់ៗ របស់គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
ចន្លោះមិនឃើញ
យោងតាមព្រឹត្តិបត្រគោលនយោបាយ របស់ គ.ជ.ប បានឱ្យដឹងថា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ មានគោលនយោបាយសំខាន់ៗ១២ចំណុច។ ១. បញ្ហាសុខមាលភាព ២. បៀវត្សទាំងមន្រ្តីរាជការ និងឯកជន ៣. សិក្សាធិការជាតិ ៤. សេដ្ឋកិច្ចអតិផរណាទំនិញ ៥. គ្រប់គ្រងដីធ្លី ៦. សិទ្ធិ និងសុវត្ថិភាព ៧. ស្រ្តី និងកុមារ ៨.យុត្តិធម៌ ៩. គ្រឿងញៀន ១០. ជនអន្តោប្រវេសន៍ ១១. ការងារ ១២. អំពើពុករលួយ (ការឯកភាពជាតិ) បម្រើការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
ការគ្រប់គ្រងដីធ្លី៖ គណបក្ស សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការទូទាត់តម្លៃ ទៅឱ្យពលរដ្ឋ ដែលត្រូវរឹបអូស ឬរំលោភបំពានដីធ្លី និងផ្ទះសំបែងរបស់គាត់ ពីសំណាក់ជនខិលខូច។
ការអភិវឌ្ឍតាមមូលដ្ឋាន៖ ជំរុញការដាំដុះឱ្យមានគ្រប់រដូវ លើដីដែលទំនេរ និងសង់លំនៅដ្ឋាន បង្កើតប្រព័ន្ធធារាសាស្រ្ត អាងទឹក និងលូទឹកជាដើម ដល់តំបន់ដែលគ្មានទឹកប្រើប្រាស់។
ទីផ្សារការងារ៖ លុបបំបាត់ការធ្វើចំណាកស្រុក ដោយបង្កើតសហគ្រាស រោងចក្រ ដើម្បីឱ្យពលរដ្ឋមានការងារធ្វើក្នុងប្រទេស និងពង្រឹងលើវិស័យអប់រំ។
ទីផ្សារសម្រាប់ផលិតផលកសិកម្ម៖ បង្កើតការវិនិយោគក្នុងស្រុក បន្ថយពន្ធដា និងតម្លៃ ក្នុងការបើកក្រុមហ៊ុន និងមុខរបរ ដើម្បីបង្កើតការងារឱ្យបាន ៥០% នៃការងារទាំងអស់ ព្រមទាំងជួយរកទីផ្សារ។
លទ្ធិប្រជាធិបតេយ្យ នៅតាមមូលដ្ឋាន៖ ប្រគល់សិទ្ធិអំណាចពេញបរិបូរណ៍ បញ្ចេញមតិតាមបែបប្រជាធិបតេយ្យ សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី សិទ្ធិសេរីភាពក្នុងការសរសេរ ការផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានដោយសេរី។
បញ្ឈប់ពលកម្មកុមារបម្រើតាមផ្ទះ៖ និងផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើន មានទាំងអនុសញ្ញា ស្ដីពីសិទ្ធិកុមារ ពិធីសាបន្ថែម ស្ដីពីការចូលរួមរបស់កុមារ។ ជាពិសេសអនុសញ្ញាលេខ ១៨២ ស្ដីពីការហាមប្រាម និងការលុបបំបាត់ ពលកម្មកុមារនៅតាមផ្ទះ។
សូមបញ្ជាក់ថា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅឃុំ-សង្កាត់ ចំនួន ១៤ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងឧត្តរមានជ័យ ដែលមានបេក្ខជនសរុបចំនួន ២០៧នាក់ ក្នុងនោះស្រ្តី ៨៤នាក់៕
សូមអាន៖ គណបក្ស សញ្ជាតិកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ ធ្វើបុណ្យ និងបណ្តុះនូវគ្រាប់ពូជព្រះនិពា្វន
បញ្ជាក់៖ ខ្លីខ្លី នឹងជម្រាបជូនពីគោលនយោបាយរបស់គណបក្សដទៃទៀតជាបន្តបន្ទាប់