ទឹកជំនន់​សម្លាប់​មនុស្ស​ជាង ១៨០​នាក់​ហើយ​នៅ​ស្រីលង្កា

  • 2017-05-29 23:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ម្សិលមិញ កង​ទ័ព​របស់​ស្រី​លង្កា​ជិត ៣ពាន់​នាក់ បាន​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ដើម្បី​បញ្ជូន​សម្ភារៈ និង​ស្បៀង​អាហារ​ដើម្បី​ផ្គត់ផ្គង់​មនុស្ស​ជាង​កន្លះ​លាន​នាក់ ដែល​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ក្រោយពី​ទឹក​ជំនន់​ដែល​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​ស្រីលង្កា​​យ៉ាងហោចណាស់ ១៨០​នាក់។

ប្រជា​ពលរដ្ឋ​ស្រី​លង្កា​លើស​ពី ៥៥​ម៉ឺននាក់ បាន​បោះបង់​ផ្ទះ​សំបែង​របស់​ពួកគេ ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បាន​បង្ក​ជា​ការ​រអិល​បាក់ដី នៅ​ផ្នែក​មួយ​ចំនួន​ស្ថិតនៅ​ភាគ​និរតី​ប្រទេស​នេះ។ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អះអាង​ថា មនុស្ស ១១០​នាក់ បាន​បាត់​ខ្លួន។ ចំណែក​ផ្ទះ ៥៥០០​ខ្នង បាន​ទទួល​រង​ការ​ខូចខាត ឬ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង។

ប្រទេស​ឥណ្ឌា បាន​បញ្ជូន​នាវា​របស់​ខ្លួន​ចំនួន ២​គ្រឿង ដោយ​ដឹក​គ្រឿង​សម្រាប់​ផ្គត់ផ្គង់​ផ្សេងៗជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រីលង្កា កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ ខណៈ UN បាន​ប្រកាស​បរិច្ចាគ​ធុង​ដាក់​ទឹក ឧបករណ៍​ចម្រោះ​ទឹក​ស្អាត និង​តង់។ ចំណែក អង្គការ​សុខភាព​ពិភពលោក នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅ​តំបន់​ដែល​ប៉ះពាល់។ រីឯ​ជប៉ុន បាន​សន្យា​ថា នឹង​ផ្ដល់​ម៉ាស៊ីន​ភ្លើង​ចល័ត​ផងដែរ។

នេះ​ជា​ជំនន់​ដ៏​អាក្រក់​មួយ​នៅ​ស្រីលង្កា ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ១៤​ឆ្នាំ​កន្លងទៅ។ កាលពី​ឆ្នាំ២០០៣ មនុស្ស ២៥០​នាក់​បាន​ស្លាប់ ហើយ​ផ្ទះ​ជាង ១ម៉ឺន​ខ្នង​ត្រូវ​បំផ្លាញ​ដោយសារ​ទឹក​ជំនន់​ស្រដៀង​គ្នា​នេះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;