"ទោះ​យ៉ាង​ណា" រសាត់​ពី​ស្រុក​បារាំង​មក​ដល់​ស្រុក​ខ្មែរ តែ​ខ្លឹម​សារ​ដើម​នៅ​ដដែល

  • 2017-06-08 23:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​យ៉ាង​ណា​ គឺជា​បទ​ចម្រៀង​ដែល​ច្រៀង​រៀប​រាប់​ពីការ​និរាស​ព្រាត់​ប្រាស់​ទាំង​មិន​អស់​អាល័យ​នៃ​គូ​ស្នេហា​មួយ។ បទ​ចម្រៀង​នេះ ប្រសូត​ឡើង​ពី​កំណាព្យ​ដែល​ប្រកប​ដោយ​ចំណាប់​ចុង​ជួន រណ្តំ​ណែង​ណង និង​បាន​ក្លាយ​ជា​ចម្រៀង​របស់ ​ម្ចាស់​សំឡេង​គ្មាន​គូ​ប្រៀប ស៊ីន ស៊ី​សាមុត នា​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ឬ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០។

នៅ​ឆ្នាំ ​១៩៧២​ បទ​ចម្រៀង​នេះ ត្រូវ​បាន​ផលិត​កម្ម កណ្តឹង​មាស​ភាព​យន្ត​ ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ​រឿង ផែន​ដី​វិល ដែល​ដឹក​នាំ​​ដោយ​លោក ណុប ណែប សម្តែង​ដោយ​លោក គង់ សំអឿន និង អ្នក​ស្រី គីម ​ណូវ៉ា។ ទោះ​យ៉ាង​ណា គឺ​ជា​ចម្រៀង​មួយ​បទ ក្នុង​ចំណោម​ចម្រៀង​៤​បទ នៅ​ក្នុងរឿង​នេះ​។

តាម​ពិត​ទៅ បទ​ចម្រៀង​នេះ​មាន ប្រភព​មក​ពី​បទ​ចម្រៀង​បារាំង ដែល​មាន​ចំណង​ជើង​ថា Et Pourtant ដែល​ប្រែ​ជា​ខេមរ​ភាសា​ថា ទោះ​យ៉ាង​ណា​។ Et Pourtant ចាប់​កំណើត​នៅ​ឆ្នាំ ១៩៦២​ ដោយ​មាន​លោក Charles Aznavour ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​លោក Georges Garvarentz ជា​អ្នក​និពន្ធ​បទ​ភ្លេង។

លោក Charles Aznavour វ័យ៩១ឆ្នាំ នៅក្នុងការសម្តែងមួយនាប្រទេសរ៉ូម៉ានី ឆ្នាំ២០១៥
នៅ​ឆ្នាំ ១៩៦៤ Et Pourtant ត្រូវ​បាន​ថត និង​ចេញ​លក់​នៅ​បារាំង និង​នៅ​ទ្វីប​អឺរ៉ុប ដោយ​មាន​លោក​ Charles Aznavour ជា​អ្នក​ចម្រៀង​។ បទ​ចម្រៀង​នេះ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៅ​ប្រទេស​បារាំង​ ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​ចេញ​លក់​នៅ​ឆ្នាំ​​ដដែល​នោះ។

អត្ថន័យ​នៃ​បទ​ចម្រៀង Et Pourtant ជា​ភាសា​បារាំង​ គឺ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​បទ​ចម្រៀង ទោះ​យ៉ាង​ណា​ របស់​លោក ស៊ីន ស៊ីសាមុត ដែរ​។ ផលិតករ​ខ្មែរ បាន​ប្រែ​សម្រួល​ឃ្លោង​ឃ្លា​ពី​ភាសា​បារាំង​ មក​ជា​ភាសា​ខ្មែរ ដោយ​រក្សា​ទុក​នូវ​ខ្លឹម​សារ​ដដែល ហើយ​ថែម​ទាំង​បង្កើត​ចំណាប់​ចុង​ជួន រណ្តំ​ណែង​ណង​ ដដែល​។

ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ លោក Charles Aznavour បាន​ច្រៀង​បទ​ចម្រៀង Et Pourtant ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា Yet, I Know ។ ដូច​គ្នានឹង​បទ​ចម្រៀង Et Pourtant និង​បទ​ចម្រៀង​ Yet, I Know បាន​ជ្រួត​ជ្រាប​ទៅ​គ្រប់​ច្រក​ល្ហក​នៃ​ពិភព​លោក។ អ្នក​ចម្រៀង​ជា​ច្រើន​នាក់ បានច្រៀង​បទ​ចម្រៀង​​នេះ​ឡើង​​វិញជា​ភាសា​បារាំង និង អង់​គ្លេស ច្រើន​ជំនាន់​បន្ត​បន្ទាប់​គ្នា។

Et Pourtant របស់ Charles Aznavour ក៏ល្បី​ល្បាញ​ក្នុង​ប្រទេស វៀត ណាម នា​ទស​វត្សរ៍​ឆ្នាំ១៩៧០ ផង​ដែរ។ បទ​ចម្រៀង​នេះ ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​វៀត ណាម​ និង​ច្រៀង​ដោយ​អ្នក​ចម្រៀង​ម្នាក់​ឈ្មោះ Elvis Phoung។ បទ​នោះ មាន​ចំណង​​ជើងថា Anh Vẫn Biết

ឆ្លងកាត់ជាច្រើនឆ្នាំ បទ ទោះយ៉ាងណា និង Et Pourtant បានបំពេរអារម្មណ៍មិត្តអ្នក​ស្តាប់​ជាច្រើនលាននាក់នៅ​​លើពិភពលោក ។ ម្ចាស់បទ Et Pourtant ត្រូវបានគេប្រសិទ្ធិ នាមថាជា សិល្បករ​ឆ្នើម​ប្រចាំ​​​សតវត្សរ៍៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;