Foxsport Asia សរសើរ​អ្នកគាំទ្រ​ក្រុម​គោព្រៃ​កម្ពុជា

  • 2017-06-14 06:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន​ល្បី​លើ​ពិភពលោក Foxsport Asia បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា​នេះ ដោយ​កោត​សរសើរ​ពី​ទឹក​ចិត្ត​អ្នកគាំទ្រ​កម្ពុជា ដែល​មិន​ចេះ​សាប​រលាប ទោះបីជា​ក្រុម​គោព្រៃ​កម្ពុជា ធ្វើ​ពុំ​សូវ​បាន​ល្អ ប្រហែល ១០​ប្រកួត​ចុងក្រោយ​កន្លងទៅក៏​ដោយ។ ប្រភព​ដដែល​បាន​ប្រើប្រាស់​ពាក្យ​ ៣ ដើម្បី​ពិពណ៌នា​ពី​អ្នកគាំទ្រ​ក្រុម​គោព្រៃ គឺ "ការ​អត់ធ្មត់, ចំណង់​ចំណូល​ចិត្ត និង ការ​ស្នេហា​ជាតិ"។

បន្ទាប់ពី​បរាជ័យ​ចំនួន ៨​ប្រកួត​ជាប់ៗ​គ្នា ពោល​គឺ​ចាញ់ ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ឥណ្ឌា ឥណ្ឌូ​ណេស៊ី និង​ក្រុម​មួយ​ចំនួន​ទៀត ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចប់​សុបិន​ដ៏​អាក្រក់​របស់​ខ្លួន ដោយ​យក​ឈ្នះ​ក្រុម​អាហ្វហ្គានីស្ថាន ក្នុង​វគ្គ​ជម្រុះ AFC Asian Cup ។ សម្រាប់​អ្នកគាំទ្រ​វិញ ថ្វីបើ​ក្រុម​ជម្រើស​ជាតិ​ធ្វើពុំ​សូវ​បាន​ល្អ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ក៏​នៅ​តែ​បន្ត​ទៅ​គាំទ្រ​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ជំនួប​កាលពី​ម្សិលមិញ។

អ្នកគាំទ្រ​ជាង ៥​ម៉ឺន​នាក់ បាន​ចូលរួម​ទស្សនា​រៀងរាល់​ការ​ប្រកួត​របស់​ក្រុម​គោព្រៃ​កម្ពុជា។ Foxsport បាន​ប្រៀបធៀប​ទឹក​ចិត្ត​នេះ ទៅ​នឹង​ទឹកចិត្ត​អ្នក​គាំទ្រ​ក្រុម​ជប៉ុន ចិន និង​ឥណ្ឌូណេស៊ី ជាដើម ដែល​តែងតែ​បន្លឺ​ជា​សំឡេង​ច្រៀង ឲ្យ​ឮ​ខ្ទរខ្ទារ​ក្នុង​កីឡដ្ឋាន​របស់​ពួកគេ រៀងរាល់​ការ​ប្រកួត។

កម្ពុជា ត្រូវ​មាន​ភារកិច្ច​ធំ​មួយ​ក្នុងការ​​រក្សា​ចំណាត់​ថ្នាក់​ទី២ ប្រចាំ​ពូល C វគ្គ​ជម្រុះ AFC Asian Cup 2019 ដោយ​ក្រុម​គោព្រៃ​ជា​ក្រុម​ក្មេងខ្ចី ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​វៀតណាម ដែល​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ពូល​ផងដែរ។ យ៉ាងណាមិញ ២​ប្រកួត​កន្លង​ទៅ វៀតណាម​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ ពោល​គឺ​ស្មើ​ទាំង​ពីរ​ប្រកួត។ ដូច្នេះ​ការ​ប្រកួត​ជាមួយ​វៀតណាម ក្នុង​និង​ក្រៅ​ដី អាច​ជា​ការ​សម្រេច​ជោគវាសនា​របស់​ក្រុម​កម្ពុជា ដើម្បី​ក្ដី​សង្ឃឹម​ឈាន​ទៅ​ព្រឹត្តិការណ៍ AFC Asian Cup នា​ឆ្នាំ​២០១៩ ដែល​អារ៉ាប់រួម ជា​ម្ចាស់​ផ្ទះ។

កម្ពុជា នឹង​ទទួល​ក្រុម​ភ្ញៀវ​វៀតណាម នៅ​ក្នុង​ជំនួប​ទី​៣​របស់​ខ្លួន នា​ខែ​កញ្ញា ហើយ​ធ្វើ​ដំណើរ​ទៅ​លេង​ក្នុង​ទឹកដី​វៀតណាម​វិញ នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧៕

អត្ថបទទាក់ទង

គ្រូ​បង្វឹក​ក្រុម​គោព្រៃ៖ គ្មាន​អ្វី​អាច​ទិញ​ក្រុម​នេះ​បាន​ឡើយ

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;