ស៊ិន សក្កដា ​អន្ទះសា​ចង់​​ឃើញ​រឿង "ហ្លួង​ព្រះ​ស្ដេច​កន" បញ្ចាំង​ឆាប់ៗ​

  • 2017-07-13 06:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ កញ្ញា ស៊ិន សក្កដា កំពុង​អន្ទះសា​ចង់​ឃើញ​ស្នាដៃ​ដែល​ជា​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ រឿង “ហ្លួង​ព្រះ​ស្ដេច​កន” ដែល​ចំណាយ​ទុន​ផលិត​ជាង ១​លាន​ដុល្លារ ​សម្ពោធ​ដាក់​បញ្ចាំង​ឆាប់ៗ។

កញ្ញាបន្ត​ថា​ ការ​សម្ដែង​ជា​តួអង្គ​អគ្គមហេសី​របស់​ព្រះបាទ ស្រីសុគន្ធបទ ដែល​ត្រូវ​សម្ដែង​ដោយ​តារា​ជើង​ចាស់​លោក ទេព រិនដារ៉ូ ក្នុង​រឿង ហ្លួងព្រះស្ដេចកន គឺ​ជា​រឿង​ដែល​កញ្ញា​មិន​ធ្លាប់​ជួប​ប្រទះ​ទាល់​តែ​សោះ​ តាំង​ពី​ចូល​ប្រឡូក​ភាពយន្ត។ មិន​ធ្លាប់​ជួប​ព្រោះ​តែ​ភាពយន្ត​នេះ​បាន​សម្រិតសម្រាំង​ជា​ខ្លាំង​ និង​ជា​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​ដែល​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​ចងចាំ និង​យល់​ដឹង។

ស៊ិន សក្កដា ជឿជាក់​ថា​​ស្នាដៃ​ដ៏​ល្អឯក​ក្រោម​ការ​ដឹក​នាំ​របស់​ផលិតករ លោក ម៉ៅ អាយុទ្ធ នឹង​ធ្វើ​ឱ្យ​ទស្សនា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ប្លែក​សម្រាប់​ខ្សែ​ភាពយន្ត។ កញ្ញា​ជឿជាក់​ដូច្នេះ​ ព្រោះ​តែ​ផលិតករ​រូប​នេះ បាន​យក​ចិត្ត​ទុក​ដាក់ និង​បញ្ចូល​ពាក្យពេចន៍​ជា​ច្រើន ធ្វើ​ឱ្យ​អ្នក​ទស្សនា​នឹក​ស្មាន​មិន​ដល់។

មិន​ត្រឹម​តែ​ជឿ​ថា​ភាពយន្ត​នេះ​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន​ច្រើន​ពី​ទស្សនិកជន​ប៉ុណ្ណោះ​ទេ តារា​សម្ដែង​កំពុង​មាន​ទីផ្សារ​រូប​នេះ​អះអាង​ថា​ ទីផ្សារ​សិល្បៈ​របស់​ខ្លួន​ក៏​អាច​បោះ​ជំហាន​មួយ​កម្រិត​ថែម​ទៀត​ដែរ ក្រោយ​ពេល​ដាក់​បញ្ចាំង​នា​ពេល​ឆាប់ៗ។

តាម​ការ​គ្រោង​ទុក​ ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ រឿង”ហ្លួង​ព្រះ​ស្ដេច​កន” អាច​នឹង​សម្ពោធ​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​​ទស្សនា​នា​ចុង​ខែ​សីហា​ខាង​មុខ៕

អត្ថបទ៖ ចរិយា

អត្ថបទថ្មី
;