ជនជាតិ​ដើម​ភាគតិច ស្នើឲ្យ​ពន្យា​ពេល​សាកល្បង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២

  • 2017-07-14 09:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា​ជឿន ស្រីមុំ​ ​ជន​ជាតិ​ដើម​ពូនង​ និង​ជា​តំណាង​សហគមន៍​ភូមិ​ក្បាល​រមាស បាន​ស្នើ​សុំ​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ម្ចាស់​ទំនប់​សេសាន​ក្រោម​២ ពន្យារ​ពេល​ប្រតិបត្តិការ​សាកល្បង​ទួរបីន​ទី១​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ស្អែក​នេះ។ សំណើ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ស្តីពី​គម្រោង​សាក​ល្បង​ទំនប់​នេះ។

កញ្ញា ជឿន ស្រីមុំ បាន​ស្នើសុំ​ទុក​ពេល​១​ខែ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុកធ្វើ​ការ​រុះរើ​សម្ភារៈ​ និងស្នើ​ឲ្យ​មាន​ការ​ស្រង់​ទិន្នន័យ​នៃ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​នីមួយៗ​ជា​លក្ខណៈ​សហគមន៍​ប្រកប​ដោយ​តម្លាភាព។​

កញ្ញា ជឿន ស្រីមុំ (ស្តាំ) តំណាងពលរដ្ឋសហគមន៍ក្បាលរមាស
តំណាង​សហគមន៍​រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​សប្បុរស​ធម៌​ពី​កាកបាទ​ក្រហម​កម្ពុជា​ ដោយ​ផ្តល់​សម្ភារៈ​ផ្សេងៗ​ ដូច​ជា​ធុង​ទឹក​ និង​ថ្នាំពេទ្យ​ ដើម្បី​ជួយ​ដល់​ការ​រុះរើ​សម្ភារៈ​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព​ផង​ដែរ។

តាម​ទិន្នន័យ​ផ្តល់​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​អង្គការ NGO Forum ​មាន​សហគមន៍​ចំនួន​ពីរ​គឺ​សហគមន៍​ភូមិ​ស្រែ​គរ​ និង​សហគមន៍​ភូមិ​ក្បាល​រមាស​ មិន​ព្រម​ចាក​ចេញ​ទី​ភូមិដ្ឋាន​ដើម​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ថ្មី​ទេ។​ ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២​ក្នុង​ភូមិ​ចំនួន​ពីរ​នោះ​គឺ​មាន​ចំនួន​៧០០​នាក់​ ​ដែល​ស្មើ​និង​១៨០​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ចំនួន​១៤០​ខ្នង។

លោក ដួង ពៅ អភិបាលរង​ខេត្ត​ស្ទឹងត្រែង​ ថ្លែង​ប្រាប់​ VOA ថា​ អាជ្ញាធរ​មិន​បាន​តៀម​ជួយ​សម្រួល​ប្រជា​ពល​រដ្ឋ​ដែល​មិនព្រម​ចាក​ចេញ​ពី​លំនៅឋាន​ចាស់​ឲ្យ​ទៅ​ជ្រក​លើ​ទី​ទួល​សុវត្ថិភាព​ណា​នោះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​បាន​រៀបចំ​លំនៅ​ឋាន​ថ្មី​ ដែល​មាន​ដី​ស្រែ​ និង​ដីដែល​ត្រូវប្រើ​ទៅតាម​ទំនៀម​ទម្លាប់​ចាស់​របស់​ពលរដ្ឋ។ ​លោក​បញ្ជាក់​បន្ថែម​ថា​ គ្មាន​ការ​ពន្យារ​ពេល​នៃការ​សាកល្បង​បិទ​ទ្វារ​ទឹក​ទី១​នៃ​ទំនប់​សេសាន​នេះ​ទេ៕

ប្រភព៖ VOA News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;