ស្ទឹងត្រែង​​ជា​ខេត្ត​​សម្បូរ​​ត្រី តែ​ពេល​នេះ​កំពុង​ជួប​បញ្ហា​ខ្សត់​ត្រី ដោយសារ...

  • 2017-07-21 02:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​ស្ទឹងត្រែង​ជា​ខេត្ត​ដ៏​សំបូរ​ត្រី ប៉ុន្តែ​ចាប់ពី​ពាក់​កណ្តាល​ខែ​កក្កដា​នេះ ត្រី​ចាប់​ផ្តើម​ខ្សត់​ទៅៗ អ្នក​នេសាទ​រក​នេសាទ​លែង​បាន ធ្វើ​ឲ្យ​តម្លៃ​ក៏​ចេះ​តែ​ឡើងថ្លៃ​ រហូត​ធ្វើ​ឱ្យ​អ្នកទិញ​ប្តូរ​ចិត្ត​ទិញ​សាច់​ជំនួស​វិញ។

អ្នកស្រី ស្រៀង មាន​មុខ​របរ​លក់​ត្រី បាន​ឱ្យដឹង​ថា ពេល​អ្នកនេសាទ​រក​ត្រី​លែង​បាន អ្នកខ្លះ​គេ​យក​ផ្អក​ប្រហុក និង​ត្រី​ប្រៃ​ មក​លក់​គ្រាន់​ដោះដូរ​ម្ហូប​ទិញ​ស្ករ​អំបិល​ប៊ីចេង។ រាល់ថ្ងៃ​ឃើញ​មានតែ​ប្រភេទ​ត្រី​ព្រួល និង​ត្រី​កែ​ប៉ុណ្ណោះ។ ត្រី​ព្រួល​មួយ​ក្បាល​ដែលសម្បូរ​ចុង​រដូវ​នេះ មាន​តម្លៃ​ចាប់ពី ១​ម៉ឺន​រៀល​ទៅ ២​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម។ ថ្ងៃ​ណា​ត្រី​​សម្បូរ ក៏​ធ្លាក់​ថ្លៃ​បន្តិច តែ​បើ​ចំ​ថ្ងៃ​ខ្សត់​ត្រី ​នឹង​ឡើងថ្លៃ​ចាប់ពី​២​ទៅ ៣​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម។

លោក ទុំ នីរ៉ូ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពាក់​កណ្ដាល​ខែ​កក្កដា​ ដល់​ខែ​តុលា ត្រី​នឹង​លែង​សម្បូរ​ទៀតហើយ ដោយសារ​ទឹកទន្លេ​បាន​ជន់​ឡើង​នា​រដូវវស្សា​នេះ​។ ត្រី​ក៏​បាន​ផ្លាស់​ទី រក​កន្លែង​បន្ត​ពូជ​នៅ​តាម​ព្រៃ​លិច​ទឹក ប្រឡាយ​អូរ ថ្លុក ត្រពាំង​ជាដើម។

លោក​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​រូប​នេះ បាន​បន្ថែម​ថា ម្យ៉ាង​ទៀត រដូវ​ខ្សត់​ត្រី​នេះ ក៏​ចំ​ពេល​វា​ពង​កូន​បន្ត​ពូជ​នៅ​តាម​តំបន់​ព្រៃ​លិច​ទឹក​ផង​ដែរ។ លុះដល់​រដូវ​ទឹក​សម្រក​ចាប់ពី​ខែ​ធ្នូ និង​មករា​តទៅ ​អ្នក​នេសាទ​នឹង​ចាប់​ផ្ដើម​រក​ត្រី​បាន​ម្ដង​ទៀត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;