បង្ក្រាប​គ្រឿង​ញៀន ៦​ខែ ចាប់​បាន​ជិត ១​ម៉ឺន​នាក់​ហើយ

  • 2017-07-25 03:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​បូក​សរុប​សភាពការណ៍​សន្តិសុខ​របស់​ប៉ូលិស រយៈ​ពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា ក្នុង​ឆមាស​ទី១​នេះ រាជ​រដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ លើក​ទី១ ដែល​ជា​លទ្ធផល​បង្ក្រាប​បាន ៤១៥៥ លើក ចាប់​ខ្លួន ៩២៩៨ នាក់ (​ស្ត្រី ៩២៧ ​នាក់ )។

របាយការណ៍ ដែល​បាន​ប្រជុំ​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៧ បង្ហាញ​ថា ក្នុង​ចំណោម​បទល្មើស​គ្រឿងញៀន ៤១៥៥ ​លើក​នោះ គឺ​នគរបាល​បង្ក្រាប​បាន​ចំនួន ២៩៤៩ ​លើក ឃាត់​ខ្លួន ៦៥៣៨ នាក់ (ស្រី ៦៨៩ នាក់ ) និង​អនុវត្ត​ដីកា ១១៩ ដីកា ឃាត់​ខ្លួន ១១៤ នាក់ (ស្រី ៨​នាក់) ក្នុង​នោះ មាន​ជន​បរទេស ១៣៦ នាក់ (ស្រី ៤៤​នាក់)។

របាយការណ៍​ដដែល ក៏​បាន​បង្ហាញ​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ លើក​ទី១ រយៈ​ពេល ៦​ខែ​នេះ ប៉ូលិស​បាន​ចាប់​យក​វត្ថុ​តាង រួមមាន សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ១០៣,៨៣ គីឡូក្រាម ដើម​កញ្ឆា ២៦២០៣ ដើម កញ្ឆា​ក្រៀម ២២៣,១៧ គីឡូក្រាម ប្រេង​ម្រះ​ព្រៅ ៩៥ គីឡូក្រាម អាវុធ​វែង ២​ ដើម អាវុធ​ខ្លី ៨ ដើម រថយន្ត ១៨ គ្រឿង ម៉ូតូ ៥៤៦ គ្រឿង ជញ្ជីង​ថ្លឹង ១០០ គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។ វត្ថុ​តាង និង​ជនល្មើស ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​សាលា​ដំបូង​រាជធានី-ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។

របាយការណ៍​ក៏​បាន​កត់​សម្គាល់​ថា ករណី​ចរាចរ​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ដែល​ត្រូវ​បាន​បង្ក្រាប​ក្នុង​ឆមាស​ទី១ ឃាត់ខ្លួន ៣១ នាក់ (​ស្រី ៧​នាក់​) ចាប់​យក​សារធាតុ​ញៀន​សរុប ៩៨ គីឡូក្រាម ៤៤៧ ក្រាម​។

របាយការណ៍​នេះ​បាន​លើក​បង្ហាញ​ថា ការ​លួច​ដឹកជញ្ជូន​សារធាតុ​ញៀន ចូល​មក​កម្ពុជា នៅ​តែ​មាន​សកម្មភាព​ទាំង​ផ្លូវ​គោក និង​ផ្លូវ​អាកាស ពិសេស​ពី​តំបន់​ត្រីកោណ​មាស ឆ្លង​កាត់​ប្រទេស​ឡាវ ចូល​មក​កម្ពុជា តាម​ច្រក​របៀង​ព្រំដែន​នៃ​ខេត្ត​ព្រះវិហារ និង​ស្ទឹងត្រែង ដើម្បី​ចរាចរ ជួញដូរ​ក្នុង​ប្រទេស និង​វេច​ខ្ចប់ ដឹក​ជញ្ជូន​បន្ត​ទៅ​បណ្ដា​ប្រទេស​ជិតខាង និង​ក្នុង​តំបន់៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;