ពង​ទា​កូន​ស្រែ​រនោង លក់​បាន​១០ម៉ឺន​គ្រាប់ ក្នុង​១ថ្ងៃ រក​ចំណូល​បាន​ជាង​១​ម៉ឺន​ដុល្លារ

  • 2017-07-26 11:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សូត សុផល ហៅ ម៉ុញ ​ប្រធាន​សមាគម​អាជីវកម្ម​ពង​ទា​កូន​ស្រែ​រនោង បាន​ឲ្យដឹង​ថា ពង​ទា​កូន​ស្រែ​រនោង ភូមិ​សាមគ្គី ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដែល​ជា​ផលិតផល​មួយ​កំពុង​ល្បីល្បាញ ហើយ​ត្រូវ​បាន​ភ្ញាស់​ចេញ​ពី​ស្នាដៃ​កសិករ​ពិតៗ នៅ​ក្នុង​ភូមិ​សាមគ្គី។

លោក​បន្ត​ថា សមាគម​ពង​ទា​កូន​ស្រែ​រនោង បាន​បង្កើត​ឡើង នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៦ ក្រោម​ការ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​បង្កើត​ដោយ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ចាប់ពី​ពេល​បង្កើត​មក សមាគម បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សមាជិក ជាមួយ​នឹង​ការ​ភ្ញាស់​ពង​ទា​កូន​កាន់តែ​ច្រើន ការ​ជួយ​រក​ទីផ្សារ ការ​រក្សា​នូវ​តម្លៃ​កើន​ឡើង។ សមាគម​រក្សា​បាន​នូវ​សាមគ្គីភាព និង​ទទួល​ខុសត្រូវ​កាន់តែ​ខ្ពស់​នូវ​ការ​រក្សា​គុណភាព ជា​ពង​ទា​កូន​ស្រែ​ពិតៗ មិន​មាន​ការ​ក្លែងបន្លំ​នៅ​លើ​ទីផ្សារ​ឡើយ​។

លោក សូត សុផល បាន​បញ្ជាក់​ទៀត​ថា នៅ​ភូមិ​សាមគ្គី មាន​ឡ សម្រាប់​ភ្ញាស់ ចំនួន ១៩ ឡ ក្នុង​មួយ​ឡៗ អាច​ផ្ទុក​បាន​ចំនួន ១០​ម៉ឺន​កូន។ បច្ចុប្បន្ន​នេះ ពង​ទា​កូន​ស្រែ​រនោង លក់​ពាសពេញ​ប្រទេស លើកលែង​តែ​ខេត្ត ៤ គឺ​ព្រៃវែង ស្វាយរៀង រតនគិរី និង​មណ្ឌលគិរី ហើយ​លក់​បាន ១០ ម៉ឺន​ពង​ទា ក្នុង ១​ថ្ងៃ ដោយ​ចែក​ជា​ពង​ទា​សាប​ចំនួន ៤​ ម៉ឺន ពង​ទា​កូន​ចំនួន ៦ ម៉ឺន និង​លក់​កូន​ទា​ពី ៣ ពាន់ ទៅ ៥ ពាន់​ក្បាល។

លោក​ប្រធាន​សមាគម​បន្ត​ថា គុណភាព​ពង​ទា​កូន​ស្រែ​រនោង ខុស​ប្លែក​ពី​កន្លែង​ដទៃ ដោយសារតែ​រសជាតិ​ឆ្ងាញ់ ព្រោះ​ទា​ចិញ្ចឹម​ជា​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ (ស៊ីស្រូវ និង​មាន​ទឹកលេង) មិន​ឆ្អាប​ខ្នើយ (ផ្នែក​ស​ក្នុង​ពង​ទា) មិន​រឹង គ្រប់​ថ្ងៃ ១៩ ​ថ្ងៃ។

លោក សូត សុផល បាន​បញ្ជាក់​ថា ពង​ទា​កូន១ លក់​ក្នុង​តម្លៃ ៤៥០ រៀល ទៅ ៥៥០ រៀល។ ដូច្នេះ​បើ ១​ថ្ងៃ សមាគម​ពង​ទា​កូន​ស្រែ​រនោង លក់​បាន ១០​ម៉ឺន​គ្រាប់ គឺ​ទទួល​បាន​ចំណូល​ចន្លោះ​ពី ៤៥ លាន​រៀល ទៅ ៥៥ លាន​រៀល ដែល​ស្មើ​នឹង​ជាង ១ម៉ឺន​ដុល្លារ ក្នុង ១​ថ្ងៃ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;