កម្ពុជា គ្រោងនាំចូលពូជសត្វខ្លាដំបងពីក្រៅប្រទេស
- 2017-09-01 02:04:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា គ្រោងនាំចូលពូជសត្វខ្លាដំបងពីក្រៅប្រទេស
ចន្លោះមិនឃើញ
នាយកប្រតិបត្តិនៃអង្គការ WWF បានថ្លែងថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឯកភាពទៅលើគម្រោងនាំពូជខ្លាដំបងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្តារពូជខ្លាយើង ដែលបានបាត់បង់ក្នុងសម័យសង្គ្រាមឡើងវិញ។
លោក សេង ទៀក នាយកប្រតិបត្តិនៃអង្គការWWFកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល ដំណាក់កាលទី២ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ ទន្លេបាសាក់២។ លោកបញ្ជាក់ថា សម្រាប់ការស្តារពូជខ្លាឡើងវិញ ត្រូវមានលក្ខខណ្ឌ៣សំខាន់ដូចជា៖
ទី១ មានទីជម្រកដែលស្ងប់ស្ងាត់ល្អ និងគ្មានការរំខាន
ទី២ មានចំណីសម្រាប់វាស៊ីជាអាហារឲ្យបានគ្រប់គ្រាន់ ហើយអាចបន្តពូជបាន
ទី៣ មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ឱ្យវាផឹក នៅក្នុងដែនព្រៃដែលពួកវារស់នៅ។
ស្តង់ដាររស់នៅរបស់សត្វខ្លាទាក់ទងនឹងពពួកសត្វជាចំណីរបស់វា ហើយផ្ទៃដីក្នុងមួយគីឡូម៉ែត្រការ៉េ ក្នុងរង្វង់វារស់នៅ ត្រូវមានសត្វជាចំណីរហូតដល់ ៦,៥ ទៅ ៧%។ ឧទាហរណ៍សត្វដែលជាចំណី របស់វាមានដូចជា ជ្រូកព្រៃ ខ្សោក ប្រើស និង រមាំង ជាដើម។
លោកបញ្ជាក់ថា គម្រោងនេះកំពុងធ្វើការជាមួយក្រសួងបរិស្ថាន ដើម្បីរៀបចំឱ្យបានលម្អិត។ ចំណែក គម្រោងព្រៃសម្រាប់ការស្តារសត្វខ្លានេះឡើងវិញ តាមលោកដឹងអាចយកទៅដាក់នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា មានដូចជាខេត្តមណ្ឌលគីរីជាដើម៕