LDP កំពុងពិនិត្យមើលផ្លូវច្បាប់ ដើម្បីប្តឹងបកទៅព្រះសង្ឃដែលប្ដឹងលោក ខឹម វាសនា
- 2017-11-28 06:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LDP កំពុងពិនិត្យមើលផ្លូវច្បាប់ ដើម្បីប្តឹងបកទៅព្រះសង្ឃដែលប្ដឹងលោក ខឹម វាសនា
ចន្លោះមិនឃើញ
លោក កូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបដិសេធថា ការប្តឹងរបស់ព្រះតេជគុណ ហោ សុខុន និងព្រះតេជគុណ មាស រីណា ទៅលើលោក ខឹម វាសនា គឺជាការមួលបង្កាច់។ លោកបញ្ជាក់ថា LDP កំពុងតែពិនិត្យមើលផ្លូវច្បាប់ ដើម្បីប្តឹងបកវិញ។
អ្នកនាំពាក្យដដែល បានបន្ថែមទៀតថា "ទាក់ទងករណីនេះ គណបក្សនឹងធ្វើការពិគ្រោះគ្នា ហើយនឹងធ្វើការសម្រេចថាត្រូវប្តឹងបកវិញ ឬយ៉ាងណា។ ក្រុមលោកសង្ឃដែលប្តឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាក្រុមសង្ឃដដែលៗ”៕
គួរបញ្ជាក់ថា ព្រះតេជគុណ ហោ សុខុន ចៅអធិការវត្តច្បារអំពៅ និងព្រះតេជគុណ មាស រីណា ព្រះគ្រូសូត្រឆ្វេងវត្តសន្តិភាព បានប្ដឹងលោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទៅនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញនេះ។ នៅក្នុងពាក្យបណ្ដឹងនោះ ព្រះសង្ឃទាំងពីរអង្គ បានចោទលោកខឹម វាសនា ជាច្រើនករណី ដូចជាបទសាបព្រោះវប្បធម៌ជេរប្រមាថ ប្រមាថព្រះមហាក្សត្រ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ប្រមាថស្ថាប័នព្រះសង្ឃ និងញុះញង់ឲ្យមានបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលជាដើម៕