គួរ​ធ្វើ​រឿង​ទាំង​នេះ បើ​ចង់​មាន​ផ្ទះ​នៅ​មុន​អាយុ ៣០​ឆ្នាំ

  • 2017-12-05 07:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​គ្រប់រូប​​ត្រូវការផ្ទះជាជម្រក​ដ៏សំខាន់ ​ជាពិសេស​នោះអ្នកទើប​មានគ្រួសារ​ថ្មីថ្មោង​ ​ប្រាកដ​ណាស់ថា​នឹង​ចង់​បាន​ផ្ទះរស់​នៅ​ផ្ទាល់​ខ្លួន​មួយ​។ ​តែ​សម្រាប់​អ្នក​រៀបការ​មាន​វ័យ​ក្រោម​ ​៣០ឆ្នាំ ​ចង់​បាន​លំនៅដ្ឋាន​ទាំងដែល​​ចំណូល​ពូក​គេនៅ​មាន​កម្រិត ខណៈ​តម្លៃផ្ទះ​ក្នុងពេល​បច្ចុប្បន្ន​​ភាគច្រើន​មិនក្រោម​ ៣ ម៉ឺនដុល្លារ​នោះទេ​។​

ថ្ងៃនេះ Kley Kley នឹង​នាំយក​អ្នកជំនាញ​ខាង​អចលនទ្រព្យ​ លោក គីម ហ៊ាង ចែករំលែក​ចំណេះ​ដឹងដើម្បី​ទិញផ្ទះ​​ឲ្យបាន​មុន​វ័យ​ ៣០ឆ្នាំ ​តើត្រូវធ្វើ​ដូចម្ដេច​ខ្លះ​?

​១. ជៀសវាង​ធ្វើការងារ​ណាស្រួលៗ​

លោក គីម ហ៊ាង ​​លើក​ឡើង​ថា ​មានមនុស្ស​មួយចំនួន​តែងតែ​ចូលចិត្តធ្វើអ្វី​ដែលស្រួល​នឹងចង់​បាន​ផល​ហុច​ត្រឡប់​មកវិញ​ល្អដូច​ដែលខ្លួន​រំពឹងទុក​។ តែ​លទ្ធផល​នៃការ​រំពឹងទុក​នោះនឹង​មិនអាច​សមបំណង​ឡើយ​ ​ប្រសិន​បើការ​ខិតខំ​របស់​អ្នក​បណ្តោយ​តាមកាលៈ​ទេសៈ​ និង​ព្រេងវាសនា​ ។ ​បើសិន​ជាលោក​អ្នកចង់​បានផ្ទះ​ស្នាក់នៅ​មុនអាយុ​ ៣០ឆ្នាំ ​លោកអ្នក​ត្រូវ​ខំធ្វើការ​ឲ្យអស់ពី​លទ្ធភាព​ ពោលគឺ​កុំខំលំៗ​ និង​កុំធ្វើ​ការងារ​ណាដែល​ស្រួលៗ​ដើម្បី​ប្រាក់ខែ​ ប៉ុន្តែគួរធ្វើការ​ដើម្បី​ចំណឹង​ដឹង​ និងអភិវឌ្ឍ​ខ្លួនឯង​។

២. ធ្វើការ ​កុំគិតថ្ងៃ​សៅរ៍​ អាទិត្យ​

មនុស្ស​គ្រប់រូប​សុទ្ធតែ​មានពេល​វេលា​ ២៤ ​ម៉ោង​ដូចគ្នា​ ​ដើម្បី​បំពេញ​កាតព្វកិច្ច​ និង​ពេលវេលា​សម្រាក​សម្រាប់​ខ្លូនឯង​ ​ហើយ​មាន​មនុស្ស​មួយចំនួន​តែងត្អួញត្អែរថា​ពេលវេលា​ដើរ​លឿនណាស់​ទាំងដែលខ្លួន​មិនទាន់​សម្រេចបាន​អ្វីជាដុំកំភួន​នោះ​នៅឡើយ​ទេ​។​ បើចង់​មាន​លទ្ធភាព​ទិញផ្ទះស្នាក់នៅ​ឲ្យបាន​សមរម្យត្រូវ​តែខំធ្វើការ​ កុំគិតពី​ថ្ងៃឈប់សម្រាក​ ​ពោលគឺ​បើសិនជា​ធ្វើការចង់​សម្រាក​ថ្ងៃសៅរ៍​ ថ្ងៃអាទិត្យ​ ​ឬ ថ្ងៃបុណ្យ​ទាននោះ​ ចំណូលរបស់​អ្នក​ក៏សម្រាក​តាមនោះ​ដែរ​។​ អ្នក​ជំនាញ​ខាងលើ​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ថា អ្នក​ដែល​ជោគជ័យ​ភាគច្រើន​គឺសុទ្ធសឹង​តែជាអ្នក​ដែល​ធ្វើការ​មិនគិត​សៅរ៍អាទិត្យ​ និងថ្ងៃបុណ្យ​ទាននោះ​ឡើយ​។

៣. ​ធ្វើការផង​ វិនិយោគផង

ប្រសិន​បើអ្នកមាន​ចំណូល​មធ្យមចុះ ​ប្រាក់​ខែតែមួយ​មុខមិនអាច​ធ្វើឲ្យអ្នកអាច​មានលទ្ធផល​គ្រប់គ្រាន់​ដើម្បីទិញផ្ទះបាន​មុនអាយុ​៣០ឆ្នាំ​នោះទេ​ ដូច្នេះ ​លោកអ្នក​ត្រូវ​ចេះមាន​គំនិត​វិនិយោគ​ផងទើបជា​ការប្រសើរ​ ដើម្បី​អាចរក​បាន​ប្រាក់ចំណូល​បានបន្ថែម​ជាបន្ទាប់​បន្សំ​។ ​លោកគីម ហ៊ាង​បានបញ្ជាក់​ថា “មិនចាំបាច់ទាល់​តែបើកក្រុមហ៊ុន​ ទើបហៅថា​ការវិនិយោគ​នោះទេ​ ​កំពុងធ្វើការ​ក៏អាចរកស៊ី​បានដែរ​”។ លោកលើកឧទាហរណ៍ថា​ ប្រសិន​បើគូស្រករ​ (ប្តីនិងប្រពន្ធ) ​អាចធ្វើការ​ទទួលបាន​ប្រាក់ខែ​ ​១ពាន់ដុល្លារ ​ពួក​គាត់អាច​មានលទ្ធភាព​បង់រំលោះ​ ៣ទៅ៤​ រយដុល្លារក្នុង​មួយខែ​ ​ទៅលើការ​វិនិយោគ​លើ​អចលនទ្រព្យ​ ឬក៏​វិនិយោគ​រកស៊ីលើ​វិស័យ​អ្វីផ្សេង​ទៀត​ ដើម្បីផ្សែ​ផ្សំប្រាក់​ចំណូល​បន្ថែម​​។

​៤. ទិញបង់​រំលស់​ជាជម្រើស​ល្អ​​

ការ​បង់រំលស់​ជាវិធីល្អ​ ហើយ​ក៏អាចជា​វិធី​អាក្រក់ដែរ​ ​ប្រសិន​បើ​លោកអ្នក​ត្រួតពិនិត្យ​ខ្ទង់​ចំណាយ​មិន​បាន​ត្រឹមត្រូវ​។ យ៉ាងណា​លោក គីម ហ៊ាង ​ពន្យល់​ថា​ ​ការ​ចំណាយ​ដើម្បី​បង់រំលស់​គឺត្រូវ​ទិញ​តាម​រូបមន្ត​ មាន​ន័យថា ​ប្រសិន​បើចង់​ទិញផ្ទះ​បង់រំលស់​ក្នុងមួយខែ ​១៧៥​ ដុល្លារ ​អ្នកទិញ​ គឺតម្រូវ​ឲ្យមាន​ប្រាក់ខែ​ចាប់ពី​ ៥០០ ដុល្លារឡើង​ ហើយ​បើសិនបង់​រំលស់ក្នុង​មួយខែ​ ៣០០ ដុល្លារ ​តម្រូវឲ្យអ្នក​ទិញមាន​ប្រាក់ខែ ៩០០​ ដុល្លារ​ និង​ការបង់​រំលស់​ចាប់ពី​ ៤០០​ដុល្លារឡើង​ គឺ​មានត្រូវមាន​ប្រាក់ខែ​ចាប់ពី​ ១ ​ពាន់ដុល្លារ​ឡើងទៅ​។ ​សូមបញ្ជាក់ថា ​ជា​ទូទៅ​ការបង់រំលស់ ​គឹត្រូវបង់៣៥% ​នៃប្រាក់ខែ​របស់អ្នក​ដែល​មាន​៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី
;