ចំណី​អាហារ​ ៥មុខ​​ ត្រូវ​បាន​ហាម​មិន​ឲ្យ​លក់​ក្នុង​សាលា​បឋម​វត្ត​បូព៌​​ ខេត្ត​សៀមរាប​ជា​ដាច់​ខាត

  • 2017-12-06 08:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណី​អាហារ​ចំនួន​ ៥មុខ មាន​ដូច​ជា​ស្លាប-ជង្គង់​មាន់​អាំង សាច់​ក្រក​គោ ស្ករ​គ្រាប់​គ្រប់​ប្រភេទ​ លៀស​ហាល​ និង​ភេសជ្ជៈ​ជាតិ​កាហ្វេ-ម្សៅ​ ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​លក់​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​វត្ត​បូព៌​ ខេត្ត​សៀមរាប​នោះទេ។ នេះ​ជា​ការ​ឲ្យដឹង​របស់​លោក ពឹង​ គិមឆេន​ នាយ​កសាលា​បឋម​សិក្សាមួយ​នេះ។​

លោក ​គិមឆេន ​ឲ្យ​ដឹង​ថា ​សាលា​បឋម​សិក្សា​វត្តបូព៌​មាន​ចក្ខុ​វិស័យ​ធំៗ​ចំនួន​ប្រាំ​ ក្នុង​នោះ​ការ​ថែ​រក្សា​សុខុមាល​ភាព​សម្រាប់​សិស្ស​ឲ្យ​បាន​ល្អ គឺជា​ចក្ខុ​វិស័យមួយ​ក្នុង​ចំណោម​ចក្ខុវិស័យ​ទាំង​ប្រាំ​ ដែល​សាលា​អនុវត្ត​ដោយ​ជោគជ័យ​រួច​ហើយ​​។

លោក ពឹង​ គិមឆេន​ នាយ​កសាលា​បឋម​សិក្សាវត្តបូព៌
លោក​លើក​ឡើង​ថា ​មូល​ហេតុ​ដែល​សាលា​មិនអនុញ្ញាត​ឲ្យ​លក់​ចំណី​អាហារ​ទាំង ​៥មុខ​ខាង​នេះ​ដោយ​សា​រតែ​អាហារ​ទាំង​នោះ​អាច​មាន​លាយ​សារធាតុគីមីមិន​ល្អ​ និង​មិន​មានអនាម័យមិន​ល្អ ដែល​ថា​អាច​បង្ក​ឲ្យ​កូន​សិស្ស​មាន​បញ្ហា​សុខ​ភាព​ក្រោយ​ពេល​ទទួល​ទាន​។

លោក​បញ្ជាក់ថាៈ« ការ​លើក​កម្ពស់​សុខមាល​ភាព​របស់​សិស្ស​គឺ​ជា​រឿង​ចាំ​បាច់​ណាស់ ដែល​យើង​ត្រូវ​តែធ្វើ ​ម្យ៉ាង​វា​ជាចក្ខុវិស័យ​ទី២​របស់​សាលាបឋម​សិក្សា​វត្តបូព៌​... ចំពោះ​ប្រភេទ​ស្លាប​មាន់ និង​សាច់​ក្រក​គោ ​គេអាច​លាយសារ​ធាតុ​បូរ៉ាក់ ​ឯ​ស្ករ​គ្រាប់​អាច​បណ្ដាល​ឲ្យ​សិស្ស​ខូច​ធ្មេញ​ លៀសហាល​អាចធ្វើ​ឲ្យ​ក្មេង​រាគ​រូស​ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​ វា​អាច​មាន​សារ​ធាតុ​ញៀន​ផង​ដែរ​។ ដូច្នេះ​យើង​គប្បី​គិត​គូរ​ជា​មុន​ចំពោះ​ការថែរ​ក្សា​សុខ​ភាព​សិស្ស ​ជា​ជាង​បណ្ដែត​បណ្ដោយ​ឲ្យ​ពួក​គេ​ទទួល​ទាន​អាហារ​ទាំង​នោះ»។

តូបលក់​ចំណីអាហារ​មួយ​នៅ​ក្នុង​សាលា​បឋម​វត្តបូព៌

លោក ពឹង គិមឆេន ឲ្យ​ដឹង​បន្ថែម​ដែរ​ថា ក្រៅ​ពីហាម​មិន​ឲ្យ​លក់​អាហារ​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​សិស្ស​ សាលា​ក៏បាន​សហការ​ជា​មួយ​នឹង​មន្ដ្រីកាំកុង​ត្រូលក្នុង​ការ​ពិនិត្យ និង​ផ្សព្វ​ផ្សាយ​អំពី​ប្រភេទ​អាហារ​ដែល​មាន​គ្រោះ​ថ្នាក់​ ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​​ដល់​អាជីវករ​ ​សិស្សា​នុសិស្ស និង​អាណាព្យាបាល​របស់ពួក​គេ​បន្ថែម​ទៀត​ផង​ដែរ​។

សាលា​បឋមសិក្សា​វត្តបូព៌ មាន​ទីតាំង​បូព៌ មានទីតាំង​នៅ​ភូមិ​វត្តបូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប។ សាលា​នេះ​ត្រូវបាន ​​ចាត់ទុក​ជាសាលា​ដែល​មាន​សណ្ដាប់​ធ្នាប់ និង​វិន័យល្អ​ជាង​គេ​មួយ​​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា​៕

តូបលក់​ចំណីអាហារ​មួយ​នៅ​ក្នុង​សាលា​បឋម​វត្តបូព៌
ទីធ្លា​សាលា​បឋម​វត្ត​បូព៌

អត្ថបទ​៖ រស់ សុជាតិ

អត្ថបទថ្មី
;