ទីក្រុងបុរាណនៅក្រោមទឹកដ៏អាថ៌កំបាំង ទាំង៥កន្លែងក្នុងលោក
- 2017-12-19 06:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងបុរាណនៅក្រោមទឹកដ៏អាថ៌កំបាំង ទាំង៥កន្លែងក្នុងលោក
ចន្លោះមិនឃើញ
ទីក្រុងបុរាណសម្រាប់មនុស្សជំនាន់ដើម បានប្រែក្លាយជាទីជម្រកមច្ឆានាសម័យបច្ចុប្បន្ន។ ទីក្រុងអាថ៌កំបាំងទាំងនោះ ក៏បានក្លាយជាទីតាំងដ៏ទាក់ទាញ សម្រាប់អ្នកទេសចរផងដែរ។ ថ្ងៃនេះ ខ្លីៗ សូមណែនាំឲ្យស្គាល់ទីក្រុងអាថ៌កំបាំងក្រោមទឹក ៥កន្លែង ដូចខាងក្រោម៖
១. ចេតិយ Yonajuni Monument ប្រទេសជប៉ុន
បរិវេណនេះ បានរកឃើញក្នុងឆ្នាំ ១៩៨៦ ក្នុងស្រុក Yaeyama តំបន់អូគីណាវ៉ា។ គេនៅមិនដឹងថាមូលហេតុអ្វី ធ្វើឲ្យវាស្ថិតនៅក្រោមទឹក តែជឿថាមនុស្សបង្កើតវាឡើងតាំងពី ១ម៉ឺនឆ្នាំមុនមកម្ល៉េះ៕
២. ទីក្រុង Baiae ប្រទេសអ៊ីតាលី
ទីក្រុង Baiae តែងតែទទួលបានការកោតសរសើរពីមហាជនថាជាទីក្រុងបុរាណក្រោមទឹកដែលទេសភាពប្លែកគួរឲ្យចង់ទៅទស្សនាដូចជាចម្លាក់ ភូមិគ្រឹះ និងកន្លែងងូតទឹកជាដើម។ អ្នកចុះលេងនៅទីនេះ ត្រូវហាមដាច់ខាតយករបស់បុរាណនានាឡើងលើគោក។
៣. ទីក្រុង Cleopatra’s Palace ប្រទេសអេហ្ស៊ីប
Cleopatra ស្ថិតក្នុងចំណោមអច្ឆរិយបុរាណក៏អស្ចារ្យមួយក្នុងលោក។ វាបានលិចដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ជាង ១៤០០ឆ្នាំកន្លងទៅ។ គេបានរកឃើញទីក្រុងនេះឡើងវិញក្នុងឆ្នាំ ១៩៩០ អមជាមួយកប៉ាល់ដឹកទំនិញបុរាណ គ្រឿងអលង្ការ ថូបុរាណ ទីសក្ការបូជា និងចម្លាក់ Sphinxes រក្សារូបរាងនៅល្អឥតខ្ចោះ។ វាស្ថិតនៅក្រោមផ្ទៃទឹកជម្រៅប្រមាណ ៥ ទៅ ៨ម៉ែត្រ និងបានទាក់ទាញអ្នកមុជទឹកឲ្យទៅលេងជាច្រើននាក់។
៤. ទីក្រុង Pavlopetri ប្រទេសក្រិក
ទីក្រុងនេះត្រូវបានលោក Nocholas Flemming រកឃើញក្នុងឆ្នាំ ១៩៦៨។ Pavlopetri ត្រូវគេជឿថា បានកើតឡើងនាសម័យ Mycenaean ឆ្នាំ ១៦០០ ដល់ ១១០០ មុនគ្រិស្តសករាជ។ ទោះមិនមានឯកសារច្បាស់លាស់ គេប៉ាន់ស្មានថា ទីក្រុងមួយនេះបានលិចចាប់តាំងពី ១០០០ឆ្នាំមុនគ្រិស្តសករាជ ដោយសារជួបគ្រោះរញ្ជួយដីជាបន្តបន្ទាប់ក្នុងតំបន់។
អ្នកជំនាញបានរកឃើញក្អមឆ្នាំងតាំងពីសម័យយុគថ្ម សំណង់អគារ ទីធ្លា ផ្នូរ សំណង់សាសនា និងផ្លូវដើរដ៏ស្រស់ស្អាត។ ទីក្រុងបុរាណដដែល បានលិចក្រោមទឹកជម្រៅ ៣ ទៅ៤ម៉ែត្រប៉ុណ្ណោះ។
៥. ទីក្រុង Lion City ប្រទេសចិន
ទីក្រុង Lion បានលិចបាត់មើលលែងឃើញក្នុងទន្លេ Qiandao ខេត្ត Zhejiang ដែលបានបង្កើតឡើងតាំងពីសម័យរាជវង្សហាន និងតាំង។ តំបន់នៅទីនេះបានក្លាយជាទន្លេក្នុងឆ្នាំ ១៩៥៩ បន្ទាប់ពីគេបង្កើតស្ថានីយវារីអគ្គិសនី Xin’anjiang Reservoir និង Xin’an River ដោយបណ្ដាលឲ្យប្រជាជនក្នុងតំបន់ប៉ះពាល់ប្រមាណ ២៩ម៉ឺននាក់ និងត្រូវដូរទីតាំងរស់នៅ។ ទីក្រុងនេះត្រូវបានគេបំភ្លេចចោលជាង ៥០ឆ្នាំ ហើយបានរកឃើញឡើងវិញក្នុងឆ្នាំ ២០០១។